(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ដោយប្រមូលថវិកាពីសប្បុរសជនបានជាង ១៥ម៉ឺនដុល្លារ កើនឡើងជាងឆ្នាំមុន។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងវត្តមានចូលរួមរបស់ព្រះសង្ឃ សមាជិក-សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាក្រុង-ស្រុក សិស្ស-និស្សិត យុវជនស្ម័គ្រចិត្ត ព្រមទាំងសប្បុរសជនជាច្រើនរយនាក់ផងដែរ។
លោក សុខ លូ បានលើកឡើងថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងយកចិត្តទុកដាក់ប្រារព្ធទិវាពិភពលោក ៨ឧសភា ដ៏មានអត្ថន័យឧត្តុង្គឧត្តមនេះ ជារៀងរាល់ឆ្នាំទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់សាខាផងដែរ។ ចំពោះឆ្នាំ២០១៨នេះ ប្រធានបទ៨ឧសភា គឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល។ ជាមួយគ្នានេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនក្នុងខេត្ត ឲ្យបន្តជួយឧបត្ថម្ភជួយបរិច្ចាគធនធានសម្ភារបរិក្ខារ គ្រឿងឧបភោគ-បរិភោគ និងថវិកាដើម្បីទ្រទ្រង់ដល់សកម្មភាពសង្រ្គោះជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ និងកម្មភាពរួមរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោក ងួន ញ៉ិល បានថ្លែងនូវអំណរគុណចំពោះព្រះវត្តមាន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងវត្តមានលោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងយុវជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងការបរិចា្ចគនូវធនធានផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្ត ចូលរួមក្នុងចលនាមនុស្សធម៌នេះ។
ក្រៅតែអំពីការអំពាវនាវឲ្យសប្បុរសជនគាំទ្រដល់ចលនាកាកបាទក្រហមកម្ពុជា លោក ងួន ញ៉ិល បានគាំទ្រពីសកម្មភាពជាច្រើនរបស់ចលនាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះកន្លងមក ដោយពុំប្រកាន់និន្នាការនយោបាយ សាសនា ហើយតាមរយៈនេះសប្បុរសជនមានទាំងព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តំណាងក្រុមហ៊ុន អាជីវករនានា ក៏បានចូលរួមបរិច្ចាគធនធានដល់ចលនាកាកបាទក្រហមកម្ពុជាខេត្តជាបន្តបន្ទាប់ ជាកម្លាំងដល់សំខាន់មួយសម្រាប់ជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ៕