(ភ្នំពេញ)៖ មនុស្សគ្រប់គ្នាសុទ្ធចង់តែមានសំណាង ដែលបានកើតមកឃើញពន្លឺថ្ងៃ និងសម្រស់ដ៏ស្រស់ត្រកាលរបស់ផែនដី តែនិស្សិតម្នាក់នេះ ជាជនពិការភ្នែក មិនបានចុះចាញ់ព្រេងវាសនាទេ។
បុរសដែលរឹងប៉ឹងម្នាក់នេះ មកពីភូមិរការជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានខិតខំរៀនសូត្ររហូតបានចូលរៀន នៅសាកលវិទ្យាល័យដូចគេដូចឯងដែរ ព្រោះតែគាត់មានក្តីស្រម៉ៃយ៉ាងធំធេងមួយនោះ គឺចង់ក្លាយជាសមាជិក ក្រុមប្រឹក្សាជាតិជនពិការ តែមិនដឹងថា បានសម្រេច ឬមិនសម្រេច អាស្រ័យលើព្រហ្មលិខិតកំណត់ឲ្យ។
និស្សិតពិការភ្នែកនេះឈ្មោះ ពិន សុភ័ក្ត្រ អាយុ២៤ឆ្នាំ កំពុងសិក្សាឆ្នាំទី២ ផ្នែករដ្ឋបាលសាធារណៈ បានប៉ងទុកថា ខ្លួនចង់ក្លាយជាសមាជិកក្រុមប្រឹក្សាជាតិជនពិការខ្លាំងណាស់ តែមិនដឹងថាបានសម្រេច ឬយ៉ាងណាទេ ព្រោះសមាជិកនេះ ទាល់តែឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ទើបអាចក្លាយជាសមាជិកបាន។ ប៉ុន្តែលោកបានអះអាង ដោយមានសង្ឃឹមថា «អ្វីដែលគេអាចធ្វើបាន ខ្ញុំនឹងធ្វើបានដូចគ្នា»។
សុភ័ក្ត្រ ចង់ជួយមនុស្សពិការភ្នែកទូទៅ អាចចូលរៀន និងធ្វើការងារបាន ដូចមនុស្សដែលមានកាយសម្បទាពេលលេញដែរ។ រឿងដែលសំខាន់មួយទៀត ខ្លួនចង់ឃើញមនុស្សពិការទាំងអស់នៅកម្ពុជា មានក្តីសង្ឃឹមក្នុងជីវិត តស៊ូរៀនសូត្រ និងប្រឹងប្រែងប្រឆាំងនឹងសេចក្តីលំបាកឲ្យបានផងដែរ។
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរូបនេះ បានឲ្យដឹងទៀតថា រាល់ថ្ងៃក្រៅពីភ្នែកមើលមិនឃើញ ខ្លួនបានជួលម៉ូតូឌុបគេជាប្រចាំ ហើយពេលខ្លះអត់បាយហូបក៏បាន ឲ្យតែបានមករៀន។ លោកថា មកនៅភ្នំពេញនេះ គឺរស់នៅដោយសុំសមាគមយុវជនពិការស្នាក់នៅ តែថ្លៃអាហារ និងថ្លៃធ្វើដំណើរផ្សេងៗ ជាបន្ទុកខ្លួនឯង។
យុវនិស្សិតដ៏អភ័ព្វបានបញ្ជក់ថា «ខ្ញុំជួលម៉ូតូគេហ្នឹង! ទៅវិញទៅមក (ទៅសាលា មកផ្ទះ) អស់ចំនួន ៥០០០រៀលក្នុង១ថ្ងៃ ដល់ពេលគេមកឌុបយកទៅ…ជួនខ្ញុំមិនហូបបាយ ព្រោះយកលុយឲ្យថ្លៃម៉ូតូឌុប បើយើងហូបបាយ អត់លុយឲ្យថ្លៃម៉ូតូ អត់មានអ្នកណាឌុបយើង Free Free ទេ ហើយក៏អត់មានអ្នកជួនដូចគេដែរ»។
មនុស្សដែលមានការព្យាយាមរូបនេះ មើលអ្វីលែងឃើញតាំងតែពីអាយុខ្ទង់១២ឆ្នាំ ហើយក៏ចាប់ផ្តើមរៀនអក្សរស្ទាប។ ពីដំបូងខ្លួនគាត់ផ្ទាល់ក៏មិននឹកស្មានថា គាត់ជាមនុស្សដែលនឹងត្រូវបាត់បង់វត្ថុ ជាទីស្រឡាញ់នេះទេ ប៉ុន្តែដោយសារនេះជាសម័យបច្ចេកវិទ្យា ការរៀនសូត្រមិនសូវជាលំបាកដូចមុនទេ ព្រោះអាចបើទូរស័ព្ទទំនើបជំនួយបាន។
សុភ័ក្ត្រ បានបន្តដោយស្រងូតស្រងាត់ថា «វាមិនស្រួលទេ ដែលយើងរៀនដោយការស្ទាបអក្សរនោះ តែយ៉ាងណាក៏យើងយល់ន័យរបស់មេរៀន ដោយសារខ្ញុំរៀនអក្សរផុសនេះ តាំងតែពីក្មេង ប្រហែលជា១០ឆ្នាំជាងហើយ។ បើដូចគេអ្នកមានលុយ គេទិញទូរស័ព្ទថ្លៃ វាអាចដាក់កម្មវិធីម្យ៉ាងសម្រាប់ស្តាប់ ងាយស្រួលប្រើ ហើយជួយបានច្រើន តែខ្ញុំគ្មានលុយទិញទេ ខ្ញុំចង់បានទូរស័ព្ទហ្នឹងខ្លាំងណាស់ តែតម្លៃ២០០ទៅ៣០០ដុល្លារអីឯណោះ»។
និស្សិតដែលជាមិត្តភក្តិរបស់ សុភ័ក្ត្រ មានការអាណិតអាសូរសុភ័ក្ត្រខ្លាំងណាស់ ដែលកើតមកអភ័ព្វយ៉ាងនេះ។ អ្វីដែលគួរឲ្យសង្វែគ ពួកគេតែងតែឃើញនិស្សិតពិការនោះ ខំប្រឹងស្ទាបអក្សរហើយអានតិចៗ រាល់ពេលបន្ទាប់ពីចេញពីម៉ោងសិក្សា។ តាមការរៀបរាប់ឲ្យដឹងដូចគ្នានេះដែរ បានបញ្ជាក់ថា ថ្វីត្បិតតែ សុភ័ក្ត្រ មានភ្នែកម្ញ៉ូបដល់ដំណាក់កាលចុងក្រោយក៏ដោយ តែភូមិសាស្ត្ររបស់សាលា សុភ័ក្ត្រ ចាំច្បាស់ណាស់ គាត់ដើរមិនឲ្យខុសផ្លូវឡើយ ដោយគ្រាន់តែមានដំបងកាន់ក្នុងដៃរបស់គាត់ ហើយគាត់មិនដែលទៅណាដោយគ្មានដំបង ដែលជាត្រីវិស័យរបស់គាត់ទេ។
យុវនិស្សិត ប្រភា ដែលបានស្គាល់សុភ័ក្ត្រ អស់រយៈពេល៣ឆ្នាំមកហើយនោះ បានឲ្យដឹងថា សុភ័ក្ត្រ ពិតជាមនុស្សដែលមានការតស៊ូខ្ពស់ មិនចុះចាញ់ឧបសគ្គងាយៗទេ។ មិត្តភក្តិទាំងអស់ បានគោរពស្រឡាញ់សុភ័ក្ត្រ និងតែងតែផ្តល់ការពន្យល់នូវមេរៀនណា ដែលគាត់តាមមិនទាន់នៅពេលម៉ោងសិក្សា។
ប្រភា បញ្ជាក់ថា «ខ្ញុំបានស្គាល់គាត់តាំងពីខ្ញុំរៀនឆ្នាំទី១ កាលហ្នឹងដើរបុកគាត់…អត់ដឹងថា គាត់ពិការភ្នែកទេ។ នៅពេលដែលខ្ញុំដឹងថា គាត់ជាមនុស្សពិការអញ្ចឹង ខ្ញុំមានអារម្មណ៍ក្តុកក្តួលណាស់ និយាយទៅអាណិតណាស់ សឹងតែទប់ទឹកភ្នែកមិនបានទេ»។
នៅក្នុងប្រទេសកម្ពុជាយើង បានជ្រើសរើសយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្រាប់។ ដូចគ្នានេះដែរ សុភ័ក្ត្រ ជាអ្នកកាន់ព្រះពុទ្ធសាសនា។ គាត់តែងតែមានទឹកចិត្តគោរព និងស្រឡាញ់ព្រះពុទ្ធសាសនាយ៉ាងខ្លាំង ព្រោះគេឧស្សាហ៍ទៅស្តាប់ព្រះសង្ឃទេសនា នៅវត្តអារាម ជាពិសេសវត្តសន្សំកុសល ដែលជាវត្តនៅជិតកន្លែងស្នាក់នៅតែម្តង។ សុភ័ក្ត្រ អាចប្រើឈើច្រត់របស់ខ្លួន ដើរទៅកន្លែងណាដែលខ្លួនចង់ទៅ មិនថាក្នុងវត្តអារាម សាកលវិទ្យាល័យ ឬកន្លែងណានោះទេ ឲ្យខ្លួនធ្លាប់ទៅ សុទ្ធតែចាំទីតាំងជានិច្ច។
ព្រះតេជគុណ ចិន្តា ដែលគង់នៅវត្តសន្សំកុសល មានសង្ឃដីកាឲ្យដឹងថា មនុស្ស សត្វ ដែលកើតមកនៅក្នុងលោកយើងនេះ វាសុទ្ធតែមានកម្ម-ផល ដែលយើងបានសាងមកពីអតីតជាតិ បើយើងធ្វើល្អ យើងនឹងបានផលល្អ តែបើយើងធ្វើអាក្រក់យើងនឹងទទួលបានផលអាក្រក់។ ព្រះអង្គមានសង្ឃដីកាថា ធម្មតាគ្រាប់ពូជធុញ្ញជាតិ មានស្រូវជាដើម បើសិនជាយើងជ្រើសរើសគ្រាប់ប្រភេទណា សាប បណ្តុះ របៀបណានឹងឲ្យផលតាមរបៀបនោះមិនខាន។
ព្រះសង្ឃមានសង្ឃដីកាបញ្ជាក់ទៀតថា «មនុស្សពិការភ្នែកនៅជាតិនេះ អាចមកពីជាតិមុន បានសាងបាបកម្ម ខ្វេះភ្នែកសត្វ ឬមនុស្សក៏ថាបាន។ អាត្មាឧទារណ៍អាចលើកសម្តែងអំពីកម្មពៀររបស់ នាងទាំង១២ (រឿងឫទ្ធិសែន កងរី) សុទ្ធតែមានកម្មពីជាតិមុន ដែលបានខ្វេះភ្នែកត្រី។ យើងឃើញថា នាងពៅពេលដែលយក្សខ្វេះភ្នែក បានទុកឲ្យមួយចំហៀង អាហ្នឹងមកពីជាតិមុន នាងខ្វេះភ្នែកត្រីតែម្ខាងដែរហ្នឹង»។
ព្រះតេជគុណ ចិន្តា មានសង្ឃដីការទៀតថា មនុស្សគ្រប់គ្នា ដែលបានកើតមកហើយរមែងតែងតែមានក្តីស្រម៉ៃ និងបំណងប្រាថ្នានៅក្នុងចិត្តជានិច្ច មិនថាអ្នកមាន អ្នកក្រ ស្អាត អាក្រក់ ភ្លឺ ឫពិការឡើយ។ ពាក្យចាស់លោកពោលថា «សំណាងពឹងចំណេះ» អាស្រ័យដោយការខិតខំប្រឹងប្រែង និងស្វាធ្យាយ មានមនុស្សមួយចំនួនបានជោគជ័យនៅក្នុងជីវិត ដូចដែលអ្វីខ្លួនបានស្រម៉ៃ និងរំពឹងទុកមកមែន តែអ្នកខ្លះក៏មិនបានជោគជ័យដែរ អាស្រ័យលើចំណេះ និងទេពកោសល្យយ៉ាងពិតប្រាកដ៕