Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី អៀង មូលី៖ បើអ្នកមិនទៅបោះឆ្នោតបានន័យថា អ្នកស្រឡាញ់របបផ្តាច់ការ ម្រាមដៃអ្នកមិនមានជ្រលក់ទឹកខ្មៅ ធ្វើឱ្យគេស្រួលសម្គាល់ថា ជាអ្នកគាំទ្រពួកឧទ្ទាមក្បត់ជាតិ!

06-05-2018 14:04

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន២២០០នាក់ នៅឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពិធីនេះផងដែរក៏មាន លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកបរសេដ្ឋ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមការងារចុះជួយឃុំភារីមានជ័យ តំណាងមន្ទីរការងារខេត្តកំពង់ស្ពឺ មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកបរសេដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅឃុំភារីមានជ័យ។

លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ប្រទេសយើងសព្វថ្ងៃមានសុខសន្តិភាព និងមានប្រជាធិបតេយ្យ។ បើយើងស្រឡាញ់ប្រជាធិបតេយ្យត្រូវនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ពេលទៅបោះឆ្នោតយើងមានសញ្ញាសម្គាល់គឺថា ម្រាមដៃមានប្រឡាក់ទឹកខ្មៅ។ តែបើអ្នកមិនទៅបោះឆ្នោតបានន័យថា អ្នកមិនស្រឡាញ់ប្រជាធិបតេយ្យ អ្នកស្រឡាញ់របបផ្តាច់ការម្រាមដៃអ្នកមិនមានជ្រលក់ទឹកខ្មៅ ធ្វើឱ្យគេស្រួលសម្គាល់ថា ជាអ្នកគាំទ្រពួកឧទ្ទាមក្បត់ជាតិ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា អនាគតយើងនឹងភ្លឺស្វាងនៅក្នុងពេលដែលគណបក្សប្រជាជនកម្ពុជានៅបន្តកាន់អំណាច។ ដូច្នេះត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាល និងបន្តផ្តល់អត្ថប្រយោជន៍ដល់កម្មករ កម្មការិនីយើង ដូចជា ១៖ ការដំឡើងប្រាក់ខែជារៀងរាល់ឆ្នាំ, ២៖ មានប្រាក់សោធននិវត្តន៍ពេលចាស់ទៅ ដែលចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៩ និង ៣៖ ទទួលបានរបបសន្តិសុខសង្គមនៅពេលមានជំងឺ ឬគ្រោះថ្នាក់ការងារ។ លើសពីនេះ កម្មការិនីដែលមានផ្ទៃពោះ ត្រូវបានអនុញ្ញាតឱ្យចេញពីធ្វើការមុនម៉ោង ១៥នាទី និងឈប់ សម្រាកសម្រាលមាតុភាព ៣ខែដោយមានប្រាក់ខែ ១២០%។

បើនិយាយពីឃុំភារីមានជ័យ មានកម្មករ២២០០នាក់ ហើយបើម្នាក់ៗមានប្រាក់់ខែតែ១៧០ដុល្លារនោះ ប្រាក់ចូលមកភារីមានជ័យក្នុងមួយខែៗគឺជាង៣៧ម៉ឺនដុល្លារ។ អ្នកស្រុកមានជីវភាពធូរធា ម្នាក់ៗកាន់តែស្អាត។ អ្នកកំពង់ស្ពឺមានអ្នកស្អាតៗច្រើន កម្មករកម្មការិនីពីកំពង់ស្ពឺយើងបានជាប់ជាបវរកញ្ញា និងប្រុសស្អាតរោងចក្រទូទាំងប្រទេស។ អ្នកប្រាជ្ញដ៏ធំគឺ សម្តេចសង្ឃរាជជួន ណាត ក៏ជាអ្នកកំពង់ស្ពឺផងដែរ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ខ្មែរលែងជាប្រទេសក្រីក្រទៀតហើយ ចាប់ពីឆ្នាំ២០១៦។ ឥឡូវយើងទៅសុំលុយគេ គេលែងឱ្យហើយ គឺគេឱ្យខ្ចី។ ពួកប្រឆាំងគេទទួលស្គាល់ថាមានការអភិវឌ្ឍ តែថាប្រជាជនជំពាក់គេវ័ន្តក។ ប្រទេសកាន់តែមាន ជំពាក់គេកាន់តែច្រើន។ អាមេរិកជំពាក់លុយគេច្រើនជាងគេ ហើយនៅអាស៊ានអ្នកជំពាក់លុយច្រើនជាងគេគឺសិង្ហបុរី។ រឿងជំពាក់ធនាគារជារឿងធម្មតា។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវថា យើងត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំឱ្យមានសន្តិភាព និងបន្តអត្ថប្រយោជន៍ជូនកម្មករ និងការអភិវឌ្ឍន៍ជាតិទាំងមូល ហើយបានជូនពរកម្មករ កម្មការិនី និងប្រជាជនដែលចូលរួមក្នុងពិធីជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕