(ភ្នំពេញ)៖ រថយន្ត Highlander ១គ្រឿង ត្រូវបានរថភ្លើងបុកធ្លាក់ផ្លូវ ក្រោយពីព្យាយាមបើកឆ្លងផ្លូវរថភ្លើងឲ្យផុតតែឆ្លងមិនផុត តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ដោយឡែករថភ្លើងបានបើកបន្តទៅមុខបាត់ សល់តែរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
បុរសជាម្ចាស់រថយន្តដែលត្រូវ បានរថភ្លើងបុកខាងលើ បានរៀបរាប់ថា មុនកើតហេតុរូបគាត់បានបើករថយន្តចេញពីផ្ទះ ដោយបើកឆ្លងផ្លូវរថភ្លើងនៅម្តុំភូមិភ្នំពេញថ្មី ពេលកំពុងតែបើកឆ្លង ស្រាប់រថយន្តអកសឺត្រង់ទួល ហើយលោកក៏ព្យាយាមបើករថយន្តឲ្យឡើងផុតទួលនោះដែរ តែបើកឡើងមិនផុតក៏មានរថភ្លើងមកដល់ ហើយបុករថយន្តខាងមុខបណ្តាលឲ្យខ្ទាតធ្លាក់ផ្លូវរងការខូចខាតតែម្តង។
លោកបានបន្តទៀតថា សំណាងណាស់ ដែលរថភ្លើងបុកចំពីមុខរថយន្ត បើបុកចំពាក់កណ្តាលរថយន្តប្រហែលជាលោករងរបួសធ្ងន់ធ្ងរបាត់ហើយ៕