(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance ដែលបានមកបោះទន់វិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជានោះ ឲ្យបង្កើនឥណទានឲ្យបានច្រើនជូនដល់កសិករ ដើម្បីបង្កើនការដាំដុះរបស់កសិករ។
សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ លោក Koichi Watanabe តំណាងរបស់ក្រុមហ៊ុន Idemitsu Saison Microfinance នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោក Koichi Watanabe បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្ដើមបើកដំណើរការនៅឆ្នាំ២០១៦ ដែលមានការិយាល័យកណ្ដាលនៅខេត្តបាត់ដំបង។ គោលបំណងធំរបស់ក្រុមហ៊ុនរបស់លោក គឺរួមចំណែកដល់ការទទួលបានឥណទានក្នុងវិស័យកសិកម្ម ដោយក្រុមហ៊ុនមានសេវាកម្មផ្ដល់ប្រាក់កម្ចីរយៈពេលវែង និងការប្រាក់ទាបដល់កសិករផ្ទាល់ ឬ ដល់សហគមន៍កសិករណាមួយ តាមរយៈការដាក់ទ្រព្យបញ្ចាំ និងមិនមានទ្រព្យបញ្ចាំ។
លោករដ្ឋមន្ត្រី ថា ការទទួលបានឥណទាននៅក្នុងវិស័យកសិកម្ម គឺជាបញ្ហាប្រឈមមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ ការវិនិយោគរបស់ក្រុមហ៊ុន Idemitsu Saison នឹងរួមចំណែកដល់ការដោះស្រាយបញ្ហានេះ ដោយឥណទានជាតម្រូវការចាំបាច់មួយរបស់សហគ្រាសកសិកម្មក្នុងការពង្រីកមុខរបរ ក៏ដូចជាបង្កើនផលិតកម្មរបស់ខ្លួនឲ្យស្របទៅនឹងតម្រូវការនៃទីផ្សារ។
លោក ប៉ាន សូរស័ក្តិ បានស្នើសុំឲ្យក្រុមហ៊ុន ធ្វើការឲ្យបានស្អិតរមួតជាមួយសហគ្រាសកសិកម្ម និងសមាគមន៍មួយចំនួនបន្ថែមទៀតដូចជា ស្រូវ-អង្ករ ដំឡូងមី ម្រេច ពោត កៅស៊ូ ស្វាយ ស្វាយចាន់ទី ។ល។ ដោយផលិតផលទាំងនោះ ជាផលិតផលអាទិភាពរបស់កម្ពុជា ជាពិសេសដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា តាមរយៈការកែឆ្នៃផលិតផល៕