(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា គ.ស ២០១៨ ស្ថិតក្នុងបរិវេណវត្តពោធិមង្គល ឧត្តមក្រឡា ភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម មានរៀបចំពិធីសំណេះសំណាល និងសម្ភោធឆ្លងសមិទ្ធផលនានាក្នុងវត្ត ស្ថិតក្រោមអធិបតីភាពលោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកំពង់ សៀម និងស្រុកតំបែរ និងការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម និងថ្នាក់មូលដ្ឋាន ព្រះសង្ឃ បងប្អូនពុទ្ធិបរិស័ទចំណុះជើងវត្តប្រមាណជាង ១ពាន់នាក់ បានអញ្ជើញចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។
លោក វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ និងកោតសសើរ ចំពោះសមិទ្ធិផលដែលដែលបានធ្វើឲ្យកើតឡើង ក្នុងទីវត្តពោធិមង្គលឧត្តមក្រឡា ក្រោមម្លប់សន្តិភាព និងស្ថិរភាពសង្គម ដែលបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ហើយលោក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ពីបញ្ហាសុខទុក្ខ និងគិតគូពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបានពាំនាំនូវពរទាំង៤ ប្រការរបស់សម្តេច ប្រគេន និងជូនប្រជាជនដែលបានចូលផងដែរ។
ក្នុងឱកាសដ៏មានតម្លៃនេះ លោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋបានជ្រាប អំពីដំណើរការវិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោសែនជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាពនិងមាន ការរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ពិសេសវិស័យសេដ្ឋកិច្ច ដែលរក្សាបានកំណើន ក្នុងល្បឿនថេរប្រមាណ៧% ហើយបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធតូចធំ គ្រប់បែបយ៉ាងសម្រាប់ធ្វើការអភិវឌ្ឍបន្តទៀត ជាពិសេស ការកសាងព្រលាន យន្តហោះខ្នាតអន្តរជាតិពីរកន្លែងនៅខេត្តកណ្តាល និងខេត្តសៀមរាប កំពង់ផែរទឹកជ្រៅ និងផែនការសាងសង់ស្ពានពីរឆ្លងកាត់ទន្លេមេគង្គ។ល។
លោក វេង សាខុន បានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងទាក់ទាញអ្នកវិនិយោគទុន ដើម្បីធ្វើការវិនិយោគបន្ថែមទៀត ដែលនឹងអាចចូលរួមបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងទទួលលំហូរអ្នកទេសចរណ៍ កំពុងមាននិន្នាការកើនឡើង ហើយនឹងបង្កលក្ខណៈនៃការកែឆ្នៃផលិតផលកសិកម្ម សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោក ដែលអាចចូលរួមចំណែកដ៏ធំ ក្នុងការប្រែក្លាយប្រទេសយើង ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
លោកបន្តថា ទន្ទឹមនឹងមានការរីកចម្រើនខាងសេដ្ឋកិច្ច ដែលគួរឲ្យកត់សំគាល់នេះ ជាពិសេស ចំណូលរបស់ថវិកាជាតិ មានការកើនឡើងជាងទ្វេដង ក្នុងយៈពេលជាងបួនឆ្នាំកន្លងទៅនេះ បានធ្វើឲ្យរដ្ឋាភិបាលបានរៀបចំគោលនយោបាយ តម្លើងប្រាក់បៀវត្សឲ្យដល់កម្មករ និងមន្ត្រីរាជការអាចទ្រទ្រង់ជីវភាពបានសមរម្យ ជាពិសេសជួយឧបត្ថម្ភដល់ស្រ្តីដែលជាកម្មករ និងមន្រ្តីរាជការមានផ្ទៃពោះឆ្លងទន្លេ ។
ដើម្បីប្រទេសយើងទទួលបាន ដោយជោគជ័យតាមគោលដៅ នៃការអភិវឌ្ឍជាតិស្មើមុខស្មើមាត់ប្រទេសក្នុងតំបន់ សម្រាប់អនាគតកូនៗ និងចៅៗយើងទាំងអស់គ្នា លោក វេង សាខុន បានស្នើសុំបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបត្រូវខិតខំបន្ត ចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងសុវត្តិភាពសង្គម ឲ្យបានពេញលេញ ដែលជាមួយដ្ឋានសម្រាប់បន្តការអភិវឌ្ឍជាតិ និងទទួលបានបន្តនូវសិទ្ធិសេរីភាព គ្រប់បែបយ៉ាងក្នុងជីវភាពរស់នៅ។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវតែបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសប្រកាន់របបប្រជាពិបតេយ្យសេរីពហុបក្ស ដោយត្រូវបំពេញកតព្វកិច្ចរបស់ខ្លួន ជាប្រជាពលរដ្ឋ ហើយត្រូវទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ហើយបោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តដឹកនាំប្រទេស សម្រាប់អាណត្តិក្រោយ និងនៅអាណត្តិក្រោយៗទៀត។
ក្នុងឱកាសនោះ លោករួមជាមួយសហការី និងសប្បុរសជន បានជួយឧបត្ថម្ភថវិកាចំនួនប្រមាណជា៥០០០ដុល្លារ ដើម្បីបានយកទៅប្រើប្រាស់តាមការចាំបាច់ ក្នុងការកសាងទីសេនាសេណាក់ក្នុងវត្តពោធិមង្គលឧត្តមក្រឡាបន្តទៀត ហើយបានជូនសមាជិក សមាជិការដែលបានចូលរួមក្នុងពិធីនោះ ម្នាក់ៗទទួលបានចំនួន១ម៉ឺនរៀលផងដែរ៕