(ភ្នំពេញ)៖ ពលរដ្ឋចំនួន១២ គ្រួសារដែលរងគ្រោះដោយបុគ្គលមានអំណាវរំលោភបំពាន ហ៊ុមពទ្ធ័យកដីចំណីផ្លូវនៅសងខាងផ្លូវ( E ) មកធ្វើជារបងផ្ទះ និងសាងសង់សំណង់ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន បានស្នើសុំកិច្ចអន្តរាគមន៍ជាថ្មីបន្ទាប់ពីចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន បានអូសបន្លាយតាំងពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ននេះ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារអ្នករងគ្រោះ បានឲ្យដឹងថា ទោះបីជាមានលិខិតបង្គាប់ការពីប្រមុខថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ដោយ រហូតមកដល់ពេលនេះអាជ្ញាធរមូលដ្ឋានមិនទាន់បានអនុវត្តន៍តាមការណែនាំរបស់ថ្នាក់លើ ដូចក្នុងលិខិតបង្គាប់ការនោះឡើយទេ។
ក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា គឺតម្រូវឲ្យអាជ្ញាធរចុះពិនិត្យ ដោះស្រាយរុះរើសំណង់ដែលរំលោភច្បាប់ដោយផ្ទាល់ ដើម្បីឱ្យគ្រួសាររងគ្រោះនៅលើតំបន់ផ្លូវ (E) ស្ថិតនៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីពួកគាត់មានផ្លូវចេញចូលដី និងផ្ទះរបស់ខ្លួនវិញជាធម្មតា ព្រមទាំងបានប្រើប្រាស់ជាប្រយោជន៍សាធារណៈផងដែរ។
ទាក់ទងលិខិតស្នើរសុំជាថ្មីរបស់ពលរដ្ឋរងគ្រោះទាំង១២គ្រួសារខាងលើ ត្រូវបានអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត បញ្ជាក់ថា «កន្លងមក អតីតអភិបាលខណ្ឌចាស់បានសម្របសម្រួលដោះស្រាយលើបញ្ហានេះ ប៉ុន្តែលទ្ធផលមិនទាន់វិជ្ជមាន ទោះយ៉ាងណាក្រោយទទួលបានការស្នើសុំលើកនេះ ខ្ញុំនឹងទទួលយកមកដោះស្រាយជូនបងប្អូនតាមទិដ្ឋភាពជាក់ស្តែង»។
សូមជម្រាបជូនថា មូលហេតុដែលប្រជាពលរដ្ឋរងគ្រោះទាំង១២គ្រួសារ សុំឲ្យមានការអន្តរាគមន៍ជាថ្មីនេះ ព្រោះបន្ទាប់ពីពួកគាត់បានស្នើសុំទៅអភិបាលរាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់នានាអស់រយៈពេលជាច្រើនឆ្នាំក្តី ក៏នៅតែមិនទាន់មានដំណោះស្រាយសមស្របឡើយ៕