(ឧត្តរមានជ័យ)៖ ព្រឹកថ្ងៃទី០៦ខែឧសភា ឆ្នាំ២០១៨ នៅវិទ្យាល័យហ៊ុន សែន ចុងកាល់ ស្រុក ចុងកាល់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី តំណាងនាយឧត្តមសេនីយ៍ ខេង សុមេធ បានជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូចំនួន ២៦៤នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានរម្លឹកដល់លោកគ្រូ អ្នកគ្រូ ត្រូវចៀសវាងនូវពាក្យញុះញង់របស់ជនអគតិមួយចំនួន ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដូចនេះត្រូវតែទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅក្នុងការបោះឆ្នោតសាកល នាពេលខាងមុខនេះ។
ក្នុងនោះ លោកឧត្តមសេនីយ៍ស្នងការ បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក៏បានលើកឡើងអំពីសភាពការណ៍ថ្មីៗ និងអំពីសមិទ្ធិផល ដែលសម្តេចបានខំប្រឹងប្រែងធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ និងការយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈ ដូចថ្ងៃនេះស្រាប់ ទោះបីសម្តេចមិនបានអញ្ជើញមកផ្ទាល់ ក៏លោកផ្តាំផ្ញើពីចម្ងាយផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានកោតសរសើរ និងអរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀន ដល់សិស្សានុសិស្សតាំងពីប្រាក់បៀវត្សនៅតិច និងខ្វះអគារសិក្សា រហូតដល់បច្ចុប្បន្នប្រាក់បៀវត្សរ៍ខ្ពស់ និងអគារសិក្សាមានគ្រប់គ្រាន់។
ជាមួយគ្នានេះ លោកស្នងការខេត្ត បានសំណូមពរឲ្យជួយថែរក្សាតុបតែង ដាំដើមឈើ សម្អាតអនាម័យ ទ្រព្យសម្បត្តិដ៏មហាសាលនេះ និងសុំឲ្យជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះលោកស្នងការ ផ្តល់ថវិកាក្នុងម្នាក់ៗចំនួន៥ ម៉ឺនរៀល និងសៀវភៅ២ក្បាល (ក្រមង៉ុយ) ផងដែរ៕