(ភ្នំពេញ)៖ លោក ហ៊ីង ប៊ុនហៀង ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវដល់មន្រ្តីបក្ស ជួយជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមអញ្ជើញទៅបោះឆ្នោតសកលអណត្តិទី៦ នាថ្ងៃទី២៩ ខែកក្ដដាឆ្នាំ២០១៨ ឱ្យបានគ្រប់គ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ីង ប៊ុនហៀង បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ បានអំពាវនាវតាមបណ្តាញសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃ២៩ ខែកក្កដាខាងមុខនេះ តែ គ.ជ.ប បានចាត់ទុកសកម្មភាពនេះ គឺជាទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។
លោក ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់មន្រ្តីបក្ស ត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់របស់ជនអគតិមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ត្រូវរក្សាការពារតម្លៃសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យបានពេញលេញ ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យបន្តការរីកចម្រើនឈានទៅមុខបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោក ហ៊ីងប៊ុនហៀង បានឧបត្ថម្ភថវិកា និងផ្ដល់ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ព្រីនធរ័១គ្រឿង និងអាយកូម១០គ្រឿងក្នុ ង១ឃុំៗ សម្រាប់១៥ឃុំ និងស្រុកឧត្ដុង្គថែមអង្ករ៥តោន សម្រាប់បម្រើការងារការពារសណ្ដាប់ធ្នាប់សន្តិសុខសង្គមផងដែរ៕