ក្រោយបញ្ចប់ការសួរនាំមេឆ្នោតដែលកម្លាំងអាវុធហត្ថបង្ក្រាបបាន តំណាងអយ្យការបានសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ
06-05-2018 11:39
(ភ្នំពេញ)៖ យោងតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះថា ស្ត្រីមេកន្ទុយលេខវៀតណាមម្នាក់ ដែលសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការនោះ ត្រូវបានតំណាងអយ្យការ បានសម្រេចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញហើយ។
សមត្ថកិច្ចបានបន្ដថា ស្ត្រីជាមេកន្ទុយលេខដែលតំណាងអយ្យការ បានដោះលែងនោះ មានឈ្មោះ មី ឡារៀ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម។
គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារតូច ផ្លូវចូលវត្តពោធិញ្ញាណ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕