(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងទទូចឲ្យថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទាំងអស់ស្វែងរកប្រជាប្រិយភាព និងសម្លេងគាំទ្រការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឳកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយឃោសនឹករបស់គណបក្សប្រជាជនកម្ពុជា សមាជិក-សមាជិកា ដែលជាសាខាបក្សភូមិ សាខាបក្សឃុំ-ស្រុក តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្ព័ន្ធយុទ្ធជនស្រឡាញ់សន្តិភាពទូទាំងស្រុកតាវែង ខេត្តរតនគិរី។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក បូ ថង សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សមាជិក សមាជិកា ទាំងអស់ក្នុងស្រុកតាវែង ដែលបានខិតខំប្រឹងប្រែងរកសម្លេងគាំទ្រជូនគណប្រជាជនកម្ពុជាបាន១០០ភាគរយ ក្នុងការបោះឆ្នោតឃុំ-សង្កាត់នាពេលកន្លងមកនេះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងទៀតថា ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ត្រូវឃោសនា ផ្សព្វផ្សាយអំពីសមិទ្ធិផលធំៗជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដូចជា យុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្តចតេជោ ដើម្បីបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមស៊ីវិលធ្វើឲ្យមានសន្តិភាពពេញលេញនៅកម្ពុជា ការពារប្រទេសកម្ពុជាឲ្យមាន សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យដ៏ត្រឹមត្រូវ និងវែងឆ្ងាយបំផុតរបស់គណប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្ត្រី។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យសមាជិក សមាជិកា ដែលជាថ្នាក់ដឹកនាំ ក្នុងស្រុកតាវែង ត្រូវនាំសមាជិក សមាជិកា ទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ៕