(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាព្រឹកថ្ងៃ០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋជិត ១,០០០នាក់ មកពីភូមិចំនួន៥ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្ទឹងកាច់ ក្រុមការងារការិយាល័យតំណាងរាស្ត្រ ក្រុមយុវជនគណបក្សខេត្ត គណៈកម្មាធិការគណបក្សសង្កាត់ និងសាខាបក្សភូមិទាំង៥ ក្នុងឃុំស្ទឹងកាច់ផងដែរ។
លោកស្រីបាន ស្រីមុំ បានលើកឡើងពីសភាពការណ៍នយោបាយបច្ចុប្បន្នពីអំពើក្បត់ជាតិរបស់ កឹម សុខា និង សម រង្ស៊ី ដែលគប់គិតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងការកាត់ទឹកដីឱ្យបរទេស ដែលជាមូលហេតុនៃការរំលាយបក្សសង្គ្រោះជាតិ។
លោកស្រី បាន ស្រីមុំ បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមិទ្ធផលសម្រេចបានយ៉ាងច្រើនសន្ធឹកសន្ធាប់ នាពេលកន្លងមក ជាក់ស្តែងក្នុងឆ្នាំ២០១៨នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបានដំឡើង ព្រមទាំងការទទួលបាននូវសេវាថែទាំសុខភាព ដោយមិនគិតថ្លៃ ទាំងកម្មករក្នុងប្រព័ន្ធក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការជាដើម។
អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានស្នើសុំឲ្យប្រជាពលរដ្ឋ និងសមាជិកសមាជិកាទាំងអស់បន្តគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគាំទ្រសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។
គួរបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់ប្រជាពលរដ្ឋ ៩៧៤នាក់ មកពីភូមិចំនួន ៥ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គឺភូមិក្ងោក ភូមិតាង៉ែនក្រោម ភូមិដូង ភូមិស្លា និងភូមិបុស្អំ ដោយក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ១ម៉ឺនរៀលផងដែរ៕