រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖ ក្រុមការងារមន្ត្រីសុខាភិបាល បានចុះទៅដល់តំបន់ដែលពលរដ្ឋរងគ្រោះដោយសារពុលទឹក នៅខេត្តក្រចេះហើយ ដើម្បីពិនិត្យ និងស្វែងរកមូលហេតុឲ្យបានច្បាស់!
06-05-2018 11:29
(ក្រចេះ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាមុននេះបន្តិចថា ខណៈនេះក្រុមមន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានចុះទៅដល់ភូមិស្រែនន ឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះហើយ ទីដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារពុលទឹក បណ្ដាលឲ្យស្លាប់ចំនួន១០នាក់ និងបញ្ជូនទៅជួយសង្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ពោលករណីនេះកំពុងចោទជាបញ្ហាគួរឲ្យភ្ញាក់ផ្អើល។
លោករដ្ឋមន្ត្រីក៏បានបន្តថា ដើម្បីពិនិត្យស្ថានភាព និងរកមូលហេតុនៃហេតុការណ៍ផ្ទាល់ឲ្យបានច្បាស់លាស់ តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏នឹងចុះទៅត្រួតពិនិត្យផ្ទាល់នាពេលបន្ទាប់គ្នា ក្នុងថ្ងៃអាទិត្យនេះផងដែរ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែឧសភានេះ ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹក នៅខេត្តក្រចេះបានកើនដល់៨នាក់ហើយ ខណៈជនរងគ្រោះជិត១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មុនពេលកើតហេតុ ប្រជាពលរដ្ឋក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនបានផឹកទឹកអូរមួយ លុះពេលមានភ្លៀង ថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង៕