(ក្រចេះ)៖ អភិបាលខេត្តក្រចេះថ្មី លោក វ៉ា ថន រួមជាមួយស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ទីដែលកើតហេតុផ្ទាល់ ដោយបាននាំទឹកស្អាត និងគ្រឿងបរិភោគដ៏ច្រើនផងដែរ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់។
ការចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់នេះ ធ្វើឡើងខណៈដែលស្ថានភាពជំងឺប្រជាពលរដ្ឋដែលរងគ្រោះដោយសារពុលទឹកនោះ កាន់តែច្រើនទៅៗ ក្នុងនោះជនរងគ្រោះដែលស្លាប់ដោយសារពុលទឹក នៅខេត្តក្រចេះនោះបានកើនដល់ ៨នាក់ ហើយ ខណ:ជនរងគ្រោះចំនួនជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើតាមលោក វ៉ា ថន គេមិនទាន់អាចកំណត់នូវមូលហេតុនាំឲ្យមានការពុលនេះនៅឡើយទេ តែមានការសង្ស័យថា ពលរដ្ឋរងគ្រោះបានផឹកទឹកមានជាតិពុល។
លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង។
ជាមួយនឹងការចុះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យនោះ លោកអភិបាលខេត្តក្រចេះ ក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់ៗ ២៥ម៉ឺនរៀលផងដែរ៕