(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសហាមប្រាមមិនត្រូវកំណត់អាយុប្រឡងចូលក្របខណ្ឌមន្ត្រីសុខាភិបាលឡើយ សំខាន់ឲ្យតែមានសមត្ថភាពខ្លាំងក្នុងការប្រឡង ព្រោះវិជ្ជាជីវៈពេទ្យនេះចាំបាច់ត្រូវសិក្សាយូរឆ្នាំណាស់ ទម្រាំចេះចាំស្ទាត់មានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែមិនអាចបន្ធូរបន្ថយវិញ្ញាសារប្រឡងបានជាដាច់ខាត។
ការប្រកាសយ៉ាងដូច្នេះ ត្រូវបានមហាជនមើលឃើញថា នេះជាដំណោះស្រាយដ៏ត្រឹមត្រូវថ្មីមួយទៀត សម្រាប់អ្នកចង់ប្រឡងចូលក្របខណ្ឌមន្ត្រីសុខាភិបាល ហើយក៏ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់ប្រចាំថ្ងៃនូវសេវាសុខាភិបាលផងដែរ។
ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសសារជាថ្មីថា ចំពោះការប្រឡងចូលក្របខណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ ពីព្រោះដូចជាអ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយចង់ធ្វើជាមន្ត្រីរាជការសុខាភិបាលផ្នែកពេទ្យ តែបែរជាហួសពេលហួសអាយុ។ ប៉ុន្តែពេលនេះ ទោះអាយុប៉ុន្មានក៏អាចប្រឡងចូលបានដែរ»។
លើសពីនេះ ក៏ធ្លាប់មានការសំណូមពរចំពោះសម្ដេចនាយករដ្ឋមន្ត្រីដែរ ពាក់ព័ន្ធនឹងការស្នើសុំបន្ធូរបន្ថយក្នុងវិញ្ញាសារប្រឡងចូលក្របខណ្ឌមន្ត្រីសុខាភិបាល ប៉ុន្តែសំណូមពរនេះ មិនទទួលបានការគាំទ្រពីសំណាក់មហាជនឡើយ ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងសំណូមពរនោះដែរថា សម្ដេចមិនអាចបន្ធូរបន្ថយវិញ្ញាសារប្រឡងបានឡើយ ព្រោះវិជ្ជាជីវៈនេះប្រៀបបីដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋដូច្នេះដែរ អ្នកចេះបានជាប់ មិនអាចយកអ្នកគ្មានសមត្ថភាពច្បាស់លាស់ មកបម្រើការការងារដ៏ចាំបាច់នេះបានឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា «ចំពោះការស្នើសុំខ្ញុំឲ្យការលើកលែង ឬបន្ធូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យ គឺមិនអាចធ្វើបានឡើយ។ ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផងបានជាប់ គឺគ្មានបែបនេះទេ»៕