(កំពត)៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈមានកម្លាំងយោធាមួយក្រុម មកផឹកស៊ីស្រវឹង បាញ់បោះសេរី កាលពីម៉ោង ៥៖៤៥នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីបាក់ចំការ ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។
សមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានកម្លាំងយោធាមួយក្រុមប្រមាណ១០នាក់ មធ្យោបាយធ្វើដំណើររថយន្តធុនតូច៤គ្រឿង មកស៊ីផឹកនៅកន្លែងកើតហេតុ ហើយបានធ្វើសកម្មភាព បាញ់បោះអានាធិបតេយ្យ ចំនួន៤៨គ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ មានការភ្ញាក់ផ្អើល។
ក្រោយពីបាញ់បោះរួចហើយ ក្រុមយោធាទាំងអស់នោះ ក៏បានចាកចេញពីកន្លែងស៊ីផឹកបាត់អស់ ដោយមិនស្គាល់អត្តសញ្ញាណឡើយ។ រហូតដល់ម៉ោង ៦៖៤៥នាទីល្ងាចថ្ងៃដដែល ទើបមានព័ត៌មានថា ការបាញ់បោះនោះ មានគ្រាប់ទៅត្រូវប្រជាពលរដ្ឋម្នាក់ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួសបៀមគ្រាប់នៅកែងជើងខាងឆ្វេង។
ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំនគរបាលជំនាញថ្នាក់លើ ចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសំបកគ្រាប់ដែលបាញ់នោះ ជាក់ស្តែងចំនួន៤៨គ្រាប់ (ប្រភេទអាកា ចំនួន១១គ្រាប់ និងគ្រាប់ឡក់ ចំនួន៣៧គ្រាប់)។ តែទោះជាយ៉ាងណា ក្រោយហេតុការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបាន និងកំពុងស្រាវជ្រាវ៕