ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាសមាជិកបក្សប្រជាជនកម្ពុជាសរុបជិត៤ពាន់នាក់
06-05-2018 07:01
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលការងារផ្ទៃក្នុងមួយចំនួនជាមួយលោកគ្រូ អ្នកគ្រូ ដែលជាសមាជិកបក្សសរុប ៣,៩២៣នាក់មកពីតាមបណ្តាខណ្ឌនានា។ ពិធីជួបសំណេះសំណាលនេះ រៀបចំឡើងនៅសាលសន្និបាតកោះពេជ្រ។
លោកគ្រូ អ្នកគ្រូដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះមកពីខណ្ឌពោធិ៍សែនជ័យ ១,១១១នាក់ ស្រី ៥៦៣នាក់, ខណ្ឌព្រែកព្នៅ ៤០០នាក់ ស្រី១៥៥នាក់, ខណ្ឌទួលគោក ១,៦៤៤នាក់ ស្រី ៩៨៩នាក់ និងខណ្ឌសែនសុខ មាន ៧៦៨នាក់ ស្រី ៣៩៤នាក់។
ជំនួបនេះក្រៅពីកិច្ចសំណេះសំណាលទូទៅ សម្តេចតេជោ ហ៊ុន សែន ក៏នឹងលើកនូវកិច្ចសំខាន់ៗមួយចំនួន ដែលជាកិច្ចប្រឹងប្រែងរបស់សម្តេច ក្នុងការដឹកនាំជាតិមកបង្ហាញលោកគ្រូ អ្នកគ្រូ និងការងារមួយចំនួន ដែលត្រូវធ្វើដើម្បីការបន្តរក្សាបាននូវប្រជាប្រិយភាពឈានទៅឈ្នះការបោះឆ្នោត៕