(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអ៊ឺរ៉ុប (Euro Fair) លើកទីមួយ នៅខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសនៅអឺរ៉ុប។
នៅថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជជែកលើការរៀបចំពិព័ណ៍ពាណិជ្ជកម្មអឺរ៉ុបនេះ ជាមួយលោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (Eurocham)។
ក្នុងជំនួបពិភាក្សានោះ លោក Arnaud Darc បានអញ្ជើញលោក ប៉ាន សូរស័ក្តិ ធ្វើជាអធិបតីក្នុងពិព័រណ៍ពាណិជ្ជកម្មអ៊ឺរ៉ុប (Euro Fair) លើកទីមួយ ដែលសភាពាណិជ្ជកម្មអ៊ឺរ៉ុបត្រៀមនឹងរៀបចំនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។
យោងតាមការបញ្ជាក់ លោក Arnaud Darc ការពិព័រណ៍ពាណិជ្ជកម្មអ៊ឺរ៉ុប នឹងមានការចូលរួមពីក្រុមហ៊ុនមកពីអ៊ឺរ៉ុបផ្ទាល់ ក៏ដូចជាក្រុមហ៊ុនអ៊ឺរ៉ុបនៅកម្ពុជា ក្នុងគោលបំណងផ្គូផ្គងដៃគូ និងបង្ហាញនូវបរិយាកាលធុរកិច្ចកម្ពុជា ដល់ធុរជនអ៊ឺរ៉ុបឲ្យយល់កាន់តែច្បាស់ថែមទៀត។
ពិព័រណ៍ពាណិជ្ជកម្មនេះ សភាពាណិជ្ជកម្មអ៊ឺរ៉ុប នឹងរៀបចំឡើងឲ្យបានជាប្រចាំនៅថ្ងៃអនាគត ក្នុងរយៈពេលពីរឆ្នាំម្ដង។ ឆ្លើយតបនឹងការអញ្ជើញនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទទួលយក ហើយក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអ៊ឺរ៉ុប ដែលបានផ្ញើសារជូនគណៈកម្មាធិការអ៊ឺរ៉ុប ដោយក្នុងនោះបានគូសបញ្ជាក់ថា ការប្រកបធុរកិច្ចនៅកម្ពុជាដោយក្រុមហ៊ុនអ៊ឺរ៉ុប បានរួមចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងផ្ដល់ផលប្រយោជន៍ជាច្រើនទៀតដល់សង្គមកម្ពុជា ក៏ដូចជាគាំទ្រដល់ការអនុវត្តគោលនយោបាយពាណិជ្ជកម្មបើកទូលាយរបស់រាជរដ្ឋាភិបាលផងដែរ។
ក្នុងជំនួបនោះភាគីទាំងពីរ ក៏បានលើកឡើងបញ្ហាទាក់ទងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក ដែលជាចំណាប់អារម្មណ៍ដ៏ធំមួយរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប និងសមាជិក។ ដោយយោងលើផលប្រយោជន៍សក្ដានុពលនៃច្បាប់នេះ ដែលជាចំណុចចាប់ផ្ដើមក្នុងការជំរុញដល់ការអភិវឌ្ឍវិស័យនេះនៅកម្ពុជា សភាពាណិជ្ជកម្មអ៊ឺរ៉ុបបានស្នើសុំឲ្យមានការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដើម្បីទទួលបានធាតុចូល និងធ្វើឲ្យកាន់តែប្រសើរចំពោះការរៀបចំច្បាប់ខាងលើ។
ទាក់ទងនឹងសំណើនេះ លោករដ្ឋមន្ត្រី ក៏បានទទួលយក ហើយនឹងបន្តជំរុញការរៀបចំច្បាប់នេះឲ្យបានចប់សព្វគ្រប់យ៉ាងឆាប់រហ័សបំផុត។
រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុប បានឯកភាពក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប ដើម្បីឲ្យមានបច្ចុប្បន្នភាព ក៏ដូចជាបញ្ចូលបន្ថែមនូវកិច្ចសហការគ្នាថ្មីៗ ដែលភាគីទាំងពីរកំពុងតែព្រាងទុក។
លោកថា កិច្ចសហការដែលកំពុងតែពិភាក្សាទាំងនោះមានដូចជា កិច្ចសហការទាក់ទងនឹងការរៀបចំច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិកខាងលើ ការសម្របសម្រួលនិងជំរុញឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មទីក្រុងប៉ារីស ដើម្បីបង្កើតភាពជាដៃគូផ្សព្វផ្សាយ និងជំរុញដល់ការវិនិយោគនៅកម្ពុជា៕