(ភ្នំពេញ)៖ បន្ទាប់ពីសម្រែកការពារយ៉ាងច្រើនពីមហាជននោះ ទីបំផុតថ្នាក់ដឹកនាំកងកម្លាំងនគរបាល បានសម្រេចថា នឹងមិនបណ្តេញមន្រ្តីនគរបាលពីររូប ដែលទារលុយ ២០ដុល្លារពីវៀតណាមជិះបំពានភ្លើងសញ្ញាចរាចរណ៍ចេញពីក្របខណ្ឌនោះឡើយ ដោយគ្រាន់តែពិន័យតាមវិន័យនគរបាលតែប៉ុណ្ណោះ។
មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះថា មន្រ្តីនគរបាលទាំងពីររូបនេះ មិនត្រូវបានបណ្តេញចេញពីក្របខណ្ឌនោះឡើយ គ្រាន់តែបញ្ឈរជើងមួយរយៈ និងដាក់ពិន័យមួយចំនួនទៅតាមវិន័យរបស់នគរបាលជាតិតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលទាំងពីររូបនេះ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ គ្រោងនឹងស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ឈប់ពីក្របខណ្ឌ បន្ទាប់ពីពួកគេបានរងការរិះគន់យ៉ាងខ្លាំង ព្រោះតែការទារលុយ ២០ដុល្លារពីជនជាតិវៀតណាម ដែលជិះម៉ូតូបំពានភ្លើងសញ្ញាចរាចរណ៍។
គ្រាន់តែឃើញនាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រោងស្នើសុំបញ្ឈប់មន្រ្តីនគរបាលទាំងពីររូបចេញពីក្របខណ្ឌនាំឲ្យមានមហាជនជាច្រើនចេញមកប្រតិកម្ម និងការពារមន្រ្តីនគរបាលបំពានច្បាប់ទាំងពីររូប។ ក្រោយការប្រតិកម្ម ក៏បានធ្វើឲ្យថ្នាក់ដឹកនាំនគរបាលជាតិប្តូរចិត្ត និងសម្រេចមិនបណ្តេចចេញពួកគេពីក្របខណ្ឌនោះឡើយ។
ក្រោយពីបានឃើញការសម្រេចចិត្ត ក៏មានមហាជនជាច្រើនបានស្វាគមន៍ តែពួកគេចង់ឃើញមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ចេះរក្សាតម្លៃរបស់ខ្លួនតាមរយៈការអនុវត្តន៍ច្បាប់ជាសំខាន់ ដោយមិនត្រូវយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុវត្តន៍ច្បាប់នាំឲ្យធ្លាក់តម្លៃរបស់ខ្លួននោះឡើយ។
ប្រជាពលរដ្ឋ ក៏ចង់ឃើញនគរបាលចរាចរណ៍អនុវត្តន៍ការងារប្រកបដោយភាពត្រឹមត្រូវ និងស្មើភាព ពោលមិនត្រូវអនុវត្តន៍ច្បាប់បានតែពលរដ្ឋតូចតាចស្លូតត្រង់ ដោយឡែកមន្រ្តី ឬ បុគ្គលជិះរថយន្តទំនើប មានលុយ និងមានអំណាច បែរជាមិនហ៊ានអនុវត្តន៍ច្បាប់ទេ៕