(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបសំណេះសំណាលការងារផ្ទៃក្នុងមួយចំនួនជាមួយលោកគ្រូ អ្នកគ្រូ ដែលជាសមាជិកបក្សសរុប ៣,៩២៣នាក់មកពីតាមបណ្តាខណ្ឌនានា។
លោកគ្រូ អ្នកគ្រូដែលជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះមកពីខណ្ឌពោធិ៍សែនជ័យ ១,១១១នាក់ ស្រី ៥៦៣នាក់, ខណ្ឌព្រែកព្នៅ ៤០០នាក់ ស្រី១៥៥នាក់, ខណ្ឌទួលគោក ១,៦៤៤នាក់ ស្រី ៩៨៩នាក់ និងខណ្ឌសែនសុខ មាន ៧៦៨នាក់ ស្រី ៣៩៤នាក់។
ជំនួបនេះក្រៅពីកិច្ចសំណេះសំណាលទូទៅ សម្តេចតេជោ ហ៊ុន សែន ក៏នឹងលើកនូវកិច្ចសំខាន់ៗមួយចំនួន ដែលជាកិច្ចប្រឹងប្រែងរបស់សម្តេចក្នុងការដឹកនាំជាតិមកបង្ហាញលោកគ្រូ អ្នកគ្រូ និងការងារមួយចំនួន ដែលត្រូវធ្វើដើម្បីការបន្តរក្សាបាននូវប្រជាប្រិយភាពឈានទៅឈ្នះការបោះឆ្នោត៕