(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំចង់ឲ្យគ្រប់សាសនាធំទាំង៣នៅកម្ពុជា មានពុទ្ធសាសនា សាសនាឥស្លាម និងគ្រិស្តសាសនា ខិតខំអប់រំណែនាំបរិស័ទរបស់ខ្លួនឲ្យប្រព្រឹត្តតែអំពើល្អ អំពើកុសលត្រឹមត្រូវ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីធានាការដល់អភិវឌ្ឍសង្គមកម្ពុជាបន្តទៅទៀត ទាំងវិស័យអាណាចក្រ និងវិស័យសាសនា។
ប្រមុខរាជរដ្ឋាភិបាលថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន លោកព្រឹទ្ធាចារ្យ លោកបូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រិស្តបរិស័ទជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយគ្រិស្តបរិស័ទនៅឆ្នាំ២០១៨នេះ គឺជាលើកទី៣ហើយ ដោយក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលបំណងដ៏ធំមួយ ដែលពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង នោះគឺក្តីសង្ឃឹមចង់ឲ្យគ្រប់សាសនាអប់រំណែនាំដល់មនុស្សទាំងអស់ឲ្យធ្វើអំពើល្អ និងរួមគ្នារក្សាសុខសន្តិភាព ដើម្បីធានានូវការអភិវឌ្ឍប្រទេសបន្តទៅទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា បើទោះបីសម្តេចជាពុទ្ធសាសនិកក៏ពិតមែន តែសម្តេចមិនបានរើសអើងចំពោះសាសនាដទៃនោះឡើយ។ មានតែចាត់ទុកសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជារឿងសំខាន់សម្រាប់ជាតិ ផ្ទុយពី៤០ឆ្នាំមុន ដែលសាសនាត្រូវបានគេសម្លាប់ ពីព្រោះជំនឿសាសនាខុសគ្នា មិនមែនជាឧបសគ្គសម្រាប់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិនោះទេ។
សម្តេចតេជោបានលើកឡើងថា មានប្រទេសមួយចំនួនកំពុងមានវិបត្តិ និងជម្លោះដោយសារសាសនា រហូតនៅប្រទេសខ្លះមានដល់ការវាយប្រហារចូលព្រះវិហារគ្រិស្តទៅទៀត និងមានមហន្តរាយសាសនាជាបន្តបន្ទាប់ ប៉ុន្តែសម្រាប់កម្ពុជាគ្មាននោះទេ។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី ពិតជាមោទនភាពដែលកម្ពុជាគ្មានការវាយប្រហារ ឬកាប់សម្លាប់ទៅសាសនាណាមួយ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា បញ្ហាគោលនយោបាយសាសនានេះ មិនមែនជាការកញ្ឆក់កណ្តៀតម្តងម្កាល ដើម្បីតែសន្លឹកឆ្នោតនោះទេ ប៉ុន្តែគណបក្សប្រជាជានកម្ពុជា បានដាក់ចេញគោលនយោបាយផ្នែកសាសនាមួយច្បាស់លាស់ ដើម្បីភាពសុខដុមផ្នែកសាសនានេះ។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា សិទ្ធិសេរីភាព និងជំនឿមិនអាចចាប់ផ្ទៃក្នុងប្រទេស ដែលមានសង្គ្រាមនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ថែមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជំនឿគ្រប់សាសនានៅកម្ពុជា រួមទាំងគ្រិស្តបរិស័ទផង សូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីនេះ។ ព្រោះមិនប្រាកដថាបក្សនយោបាយដទៃ អាចធ្វើសម្រេចបានតាមការអំពាវនាវរបស់ខ្លួននោះទេ ដូច្នេះជម្រើសល្អ មានតែរក្សាអ្វីដែលមាននៅក្នុងដៃ តាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
សម្តេចតេជោបានប្រកាសថា ឆ្នាំក្រោយសម្តេចនឹងបន្តជួបជាមួយគ្រិស្តបរិស័ទ ហើយដរាបណាសម្តេចនៅតែធ្វើជានាយករដ្ឋមន្ត្រី សម្តេចនៅតែជួបជាមួយគ្រិស្តបរិស័ទក្នុងមួយឆ្នាំម្តង៕