(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្ដិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។
ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៧នាក់ រួមមាន ទី១៖ ឈ្មោះ ហ៊ួរ ហ៊ុយទី ហៅទ្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់, ទី២៖ ឈ្មោះ ស្រឿង សេងអាង អាយុ២៧ឆ្នាំ នៅភូមិហុងប្រម៉ា ឃុំដងក្តារ ស្រុកស្ទឹងត្រង់, ទី៣៖ ឈ្មោះ លីម គីមលាង អាយុ១៩ឆ្នាំ, ទី៤៖ ឈ្មោះ សុះ សុខគ្រី អាយុ២៣ឆ្នាំ, ទី៥៖ ឈ្មោះ ស្លេះ អារីហ្សី អាយុ២៨ឆ្នាំ, ទី៦៖ ឈ្មោះ ម៉ាន សាឡឹម អាយុ២៧ឆ្នាំ និងទី៧៖ឈ្មោះ ញ៉ រដ្ឋា អាយុ២៩ឆ្នាំ នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជំនាញដកហូបាន ម្សៅក្រាមពណ៌សចំនួន២២កញ្ចប់ (ធំ០៣កញ្ចប់ និងតូច១៩កញ្ចប់), ម៉ូតូ០៣គ្រឿង, ទូរស័ព្ទដៃ០៥គ្រឿង, ឧបករណ៍សេព និងសម្ភារៈវេចខ្ចប់មួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្ដតាមនីតិវិធី៕