(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ អមដោយអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជា ពលរដ្ឋដែលអញ្ជើញមកពីទូទាំងឃុំគោកស្រុក ស្រុកតំបែរ ប្រមាណចំនួន១ពាន់នាក់ ដើម្បីស្វែងយល់បន្ថែមពីបញ្ហាជីវភាព សេចក្តីត្រូវការចាំបាច់ ក្នុងការកសាង និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែល្អប្រសើរ សមស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ លោក វេង សាខុន បានពាំនាំយកមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរ ពីសេចក្តីសុខទុក្ខ និងខ្វល់ខ្វាយពី ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ហើយបានជូនពរឲ្យបងប្អូនទាំងអស់ ដែលមានវត្តមាននៅទីនេះនិង នៅទូទាំងប្រទេសឲ្យជួបតែព្រះពុទ្ធពរទាំង៤ប្រការ។
លោក វេង សាខុន ជម្រាបជូនបងប្អូនអំពីដំណើរការ វិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងពេលបច្ចុប្បន្ន និងផែនការអភិវឌ្ឍនាពេលអនាគតស្ថិតក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែល មានសម្តេចតេជោសែន ជានាយករដ្ឋមន្ត្រី បានកសាងនិងអភិវឌ្ឍប្រទេស ឲ្យមានសុខសន្តិភាព និង រីកចម្រើនគួរជាទីមោទនៈ។ ជាសក្ខីភាព ស្ពាន ផ្លូវ ដែលជាសរសៃឈាមសេដ្ឋកិច្ច ដែលជាចលករជំរុញកំណើន សេដ្ឋកិច្ច ៧%។ សេចក្តីត្រូវការនៃការកសាងហេដ្ឋារច នាសម្ព័ន្ធគ្រប់បែបយ៉ាងសម្រាប់ ការអភិវឌ្ឍនាពេលអនាគត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយប្រទេសយើងឲ្យទៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
លោកបន្តថា ពិតណាស់ការថែរក្សាសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ចាំបាច់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សា ឲ្យបាននូវសមិទ្ធផលដ៏ពិសិដ្ឋទាំងអស់នេះឲ្យបានគង់វង្ស និងល្អប្រសើរ។ សមាជិកក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំ យកចិត្តទុកដាក់ផ្តល់សេវាគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងគោរពរាប់អាន។ សូមបងប្អូនគ្រប់ៗរូបអញ្ជើញទៅបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំប្រទេសនៅ អាណត្តិក្រោយៗទៀត។
លោកបានបន្ថែមថា សេចក្តីត្រូវការរបស់បងប្អូននៅតែមាន ឆន្ទៈនៃការជួយឧបត្ថម្ភ ទំនុកបម្រុង និងចែករំលែកនៅតែបន្ត ដើម្បីជួយលើកស្ទួយកម្រិតជីវភាពនិងអភិវឌ្ឍ មូលដ្ឋានឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ លោក វេង សាខុន រួមជាមួយសហការីបានជួយឧបត្ថម្ភ៣វត្ត (វត្តពោធិព្រឹក វត្តគោកស្រុក និងវត្តដូនមាស) វត្តនីមួយៗទទួលបានថវិកាចំនួន១០០០ដុល្លារ ដើម្បីយកទៅបន្តការកសាងទីសេនាសេណាក់ ក្នុងវត្តទាំងបី។ ហើយបានជូនសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗ១ម៉ឺនរៀល។
ក្រៅពីនេះ លោក វេង សាខុន បានសន្យាថា នឹងជួយឧបត្ថម្ភដើម្បីសម្រាលនូវការខ្វះខាតចំពោះស្រ្តីឆ្លងទន្លេ មង្គលការ និងមរណៈភាព ចំនួន១០ម៉ឺនរៀនក្នុង១ពិធី ព្រមទាំងចុះទៅធ្វើសំបុត្រកំណើត និងលិខិតរៀបអាពាហ៍ពិពាហ៍ដល់កន្លែងទៀតផង។
នៅរសៀលថ្ងៃដែលនោះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ លោក វេង សាខុន បានបន្តអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ ឆ្នាំ២០១៨ របស់គណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមជាមួយ អនុប្រធានក្រុម ការងារថ្នាក់កណ្តាលនិងថ្នាក់ខេត្តចុះជួយស្រុក ប្រធានក្រុមការងារថ្នាក់កណ្តាលនិងថ្នាក់ខេត្តចុះជួយឃុំ សមាជិក គណៈអចិន្រ្តៃយ៍គណបក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សឃុំគ្រប់ឃុំ សមាជិកបក្ស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះយ៉ាងច្រើនកុះករប្រមាណជាង ៤០០ នាក់។
គោលបំណងនៃកិច្ចប្រជុំនាពេលនេះសំខាន់ គឺទី១៖ ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីផែនការចូលរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិ កាលទី៦ និងទី២៖ សេចក្តីសម្រេចស្តីពីការរៀបចំបង្កើតគណៈបញ្ជាការយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦៕