(បាត់ដំបង)៖ សាច់មាន់ និងនំចម្រុះខូចគុណភាពនាំចូលពីប្រទេសថៃចំនួន ១៦០គីឡូក្រាម ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ យកទៅដុតកម្ទេចចោលទាំងអស់ ក្រោយដកហូតពីឈ្មួញដែលបានលួចបង្កប់ក្នុងរទេះដឹកបន្លែផ្លែឈើ នៅមាត់ច្រកប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចចម្រុះបានស្ទាក់ចាប់បានជាមុន ដោយបានចុះត្រួតពិនិត្យផលិតផលទំនិញនាំចូល ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ស្រាប់តែប្រទះឃើញផលិតផលខូចគុណភាពខាងលើតែម្តង។
លោកប្រធានបានបន្តថា ផលិតផលទាំងនោះរួមមាន៖ សាច់មាន់ចំនួន ៨០គីឡូក្រោម និងនំចម្រុះខូចគុណភាពចំនួន ៨០គីឡូក្រោម ត្រូវបានកម្លាំងចម្រុះខាងលើយកទៅដុតកម្ទេចចោលភ្លាមៗ។
លោក សុខរិន បានព្រមានថា ទោះជានៅមានឈ្មួញលួចលាក់នាំចូលទំនិញខូចគុណភាពតាមវិធីណាក៏ដោយ ក៏មន្រ្តីជំនាញនៅតែទប់ស្កាត់ចាប់បានរាល់ពេល គឺមិនអាចគេចផុតពីភ្នែកសមត្ថកិច្ចបានឡើយ។
លោកអះអាងថា មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការណែនាំពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ជាប្រចាំ។ ម្យ៉ាងវិញទៀត អ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដទៃ គឺសមត្ថកិច្ចជំនាញតែងតែទប់ស្កាត់បានទាន់វេលាផងដែរ៕