(ម៉ាឡេស៊ី)៖ គយអាស៊ានបានសម្រេចនូវការងារសំខាន់ៗចំនួន៤ នៅក្នុងកិច្ចប្រជុំលើកទី២៧របស់ខ្លួន ដែលបានប្រព្រឹត្តឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក Dato’ Subromaniam Tholasy អគ្គនាយកគយនៃរដ្ឋបាលគយម៉ាឡេស៊ី និងមានការចូលរួមពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ព្រមទាំងអគ្គនាយក នៃអគ្គនាយកដ្ឋានគយនៃប្រទេសសមាជិកអាស៊ាន ៨ប្រទេសផ្សេងទៀត ព្រមទាំងមន្ត្រីលេ ខាធិការដ្ឋានអាស៊ាន។
យោងតាមលោកបណ្ឌិត គុណ ញឹម បានឲ្យដឹងថា កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៧នេះ សម្រេចបានលើការងារសំខាន់ៗចំនួន៤ រួមមាន៖
១). ការបង្កើតអនុក្រុមការងារបច្ចេកទេសចំណាត់ថ្នាក់ទំនិញ
២). ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទំនិញឆ្លងកាត់គយអាស៊ានដោយសមាជិកអាស៊ានទាំងដប់បានចុះហត្ថលេខាលើពិធីសារ២ ស្តីពីការកំណត់ការិយាល័យមាត់ច្រកសម្រាប់ដឹកទំនិញឆ្លងកាត់នៅក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ានស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ (AFAFGIT) និងសមាជិកចំនួនប្រាំបួនបានផ្តល់សច្ចាប័នលើពិធីសារ៧ ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់អាស៊ាននៅក្នុងក្របខណ្ឌAFAFGIT
៣). បង្កើតក្រុមការងារសិក្សាអំពីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតអាស៊ាន (ASEAN AEO)។ បច្ចុប្បន្ននេះមានប្រទេសសមាជិកចំនួនប្រាំមួយបានអនុវត្ត AEO។ដោយឡែកកម្ពុជាបានអនុវត្តកម្មវិធីលើកទឹកចិត្តដល់ធុរជនដែលមានអនុលោមភាពខ្ពស់និងកំពុងឈានទៅអនុវត្តពេញលេញនូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាតនៅពេលអនាគតដ៏ឆាប់ខាងមុខ
៤). វឌ្ឍនភាពនៃការអនុវត្តបញ្ជរតែមួយអាស៊ានដោយប្រទេសសមាជិកចំនួនប្រាំរួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃ និងវៀតណាម បានធ្វើការផ្លាស់ប្តូរវិញ្ញាបនបត្រដើមកំណើតទំនិញCOForm Dតាមអេឡិកត្រូនិច។
លោក គុណ ញឹម ក៏បានឲ្យដឹងផងដែរថា ចំពោះឯកសារប្រតិវេទន៍គយអាស៊ាន និងវិញ្ញាបនបត្រអេឡិកត្រូនិចអនាម័យ និងភូតគាមអនាម័យសមាជិកអាស៊ានកំពុងពិភាក្សា និងពិចារណាដាក់ឲ្យផ្លាស់ប្តូរតាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាននៅពេលអនាគត។ កម្ពុជាស្ថិតនៅក្នុងដំណាក់កាលសាកល្បងក្នុងការតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរវិញ្ញាបនបត្រដើមកំណើតទំនិញ CO Form D តាមអេឡិកត្រូនិច និងអាចចូលរួមអនុវត្តជាផ្លូវការជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងពេលឆាប់ៗនេះ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៧ ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូរដ្ឋបាលគយចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ និងបានពិគ្រោះយោបល់ជាមួយតំណាងវិស័យឯកជនសំខាន់ៗចំនួនបីរួមមាន៖
១). ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក
២). ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប
៣). ក្រុមប្រឹក្សាធុរកិច្ចអាស៊ាននិងវិស័យឯកជនរបស់ម៉ាឡេស៊ី ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយនិងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត គុណ ញឹមបានលើកឡើងពីការរីកចម្រើននៃវិស័យពាណិជ្ជកម្មអេឡិកត្រូនិចក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ និងតម្រូវការក្នុងការគ្រប់គ្រង និងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសការធ្វើពាណិជ្ជកម្មអេឡិកត្រូនិចឆ្លងដែនទាំងទំនិញរូបវន្តនិងទំនិញឌីជីថល។
លោកអគ្គនាយក ក៏បានលើកឡើងពីជោគជ័យរបស់ អគរ ក្នុងការចូលរួមអនុវត្តកម្មវិធីត្រួតពិនិត្យកុងតឺន័រ (Container Control Program - CCP) នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកម្មវិធីរួមរបស់អង្គការគយពិភពលោក (WCO) និងការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ហើយយោងលើបទពិសោធន៍នេះ អគរ កំពុងពិនិត្យលទ្ធភាពក្នុងការពង្រីកកម្មវិធីនេះឲ្យគ្របដណ្ដប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៧នេះ គណៈប្រតិភូគយកម្ពុជា ក៏បានជួបប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយរដ្ឋបាលគយជប៉ុនដឹកនាំដោយឯកឧត្តមអគ្គនាយក Iizuka Atsuhi ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយរវាងរដ្ឋបាលគយទាំងពីរ។
ទន្ទឹមនេះ គណៈប្រតិភូ នៃអគរ ក៏បានប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយថៃ ដឹកនាំដោយលោក Auychai Kultipmontre អគ្គនាយករងគយថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងពិភាក្សាពីលក្ខខណ្ឌដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់។
គណៈប្រតិភូនៃអគរ ក៏បានប្រជុំទ្វេភាគីជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប និងអាស៊ាន-អាមេរិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយកម្ពុជា-វិស័យឯកជនជាពិសេសជម្រាបអំពីវឌ្ឍនភាពសំខាន់ៗនៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ហើយស្ដាប់ និងពិភាក្សារកដំណោះស្រាយលើកង្វល់ និងបញ្ហាដែលលើកឡើងដោយវិស័យឯកជន៕