(ព្រះវិហារ)៖ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋមកពី៣ភូមិ ក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ចំនួន២៦០គ្រួសារ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ព្រោះសុខភាពជាកត្តាចំបងនៃសុភមង្គល បើយើងគ្មានសុខភាពទេនោះគ្រួសារក៏គ្មានសុភមង្គលដែរ។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តអញ្ជើញចែកមុងអង្រឹង មុងគ្រែជ្រលក់ថ្នាំ ជូនប្រជាពលរដ្ឋនៅពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក អ៊ុន ចាន់ដា បានថ្លែយ៉ាងដូច្នេះថា សុខភាពជាកត្តានៃសុភមង្គល សុខភាពជាកត្តានាំឲ្យកើននូវថវិកា នៅក្នុងគ្រួសារនិមួយៗ។ បើយើងគ្មានសុខភាពទេគ្រួសារ យើងក៏គ្មានសុភមង្គលដែរ ហើយថវិកាដែលយើងខំរកសុីបានកន្លងមកនោះ ច្បាស់ជាគ្មានប្រយោជន៍សម្រាប់យើងនោះទេ ដូច្នេះយើងគ្រប់គ្នាត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវគេងដាក់មុងគ្រប់ពេល និងគ្រប់ទីកន្លែង ជៀសវាងកុំឲ្យមុសខាំដែលនាំឲ្យមានជំងឺផ្សេងៗកើតឡើងដូចជាជំងឺគ្រុនចាញ់ គ្រុនឈាមជាដើម។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា ជំងឺគ្រុនចាញ់និងជំងឺគ្រុនឈាមតែងកើតឡើង ដោយការធ្វេសប្រហែស គួបផ្សំរដូវកាលមិនទៀង ខែប្រាំង ក៏មានភ្លៀងធ្លាក់ទៀតនោះធ្វើឲ្យសត្វមូសកកើតគ្រប់ទីកន្លែង ម្យ៉ាងកង្វះការប្រុងប្រយ័ត្នទៀតក៏បណ្តាលឲ្យកើតជំងឺទាំងអស់នេះទៅ។
លោកបន្តទៀតថា ការចែកមុងជ្រលក់ថ្នាំនេះ គឺចែកជូនប្រជាពលរដ្ឋគ្រប់ស្រុកទាំងអស់ ហើយលោកក៏បានថ្លែងនូវការកោតសរសើរដល់លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងសហការី ដែលបានខិតខំយកចិត្តទុកដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋ តាមរយៈការចុះចែកមុងជ្រលក់ថ្នាំ និងតាមរយៈការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនានាចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃជាដើម៕