ក្រសួងបរិស្ថាន មានគម្រោងបង្កើតកសិដ្ឋានមួយ ដើម្បីចិញ្ចឹមជ្រូកជនជាតិ ក្នុងដែនជម្រកសត្វព្រៃណាមលៀរ នៅខេត្តមណ្ឌលគិរី
05-05-2018 17:10
(មណ្ឌលគិរី)៖ ក្នុងដំណើរចុះសិក្សាស្រាវជ្រាវមួយពីសំណាក់អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន លោក ខៀវ បូរិន បានបញ្ជាក់ថា ជាលទ្ធផលក្រសួងផ្តើម ឲ្យមានគម្រោងបង្កើតកសិដ្ឋានមួយ ដើម្បីចិញ្ចឹមជ្រូកជនជាតិ ក្នុងដែនជម្រកសត្វព្រៃណាមលៀរ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨។
មន្ត្រីបរិស្ថានបានឲ្យដឹងថា ពូជជ្រូកនោះជាអំបូរពួជជ្រូកស្រដៀង និងសត្វជ្រូកព្រៃ (ជ្រូកកូនកាត់) ឬហៅថាជ្រូកជនជាតិ ដែលនិងមានវត្តមាន ចិញ្ចឹមជាលក្ខណៈស្តង់ដារ ក្នុងកសិដ្ឋាន ដែលក្រសួងត្រៀមនិងបង្កើត។
លោក វុធ សារុំ បានឲ្យដឹងថា លោកពិតជារីករាយចំពោះគម្រោងចិញ្ចឹមជ្រូកពូជនេះ ហើយមន្រ្ដីឧទ្យានុរក្សក៏បានប្តេជ្ញា ចូលរួមអនុវត្តន៍គម្រោងនេះឲ្យបានជោគជ័យសំដៅបង្កើន ប្រាក់ចំណូលក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាសហគមន៍រស់នៅក្នុងតំបន់នោះផងដែរ។
ប្រធានមន្ទីរបរិស្ថានខេត្តលោក កែវ សុភគ៌ បានសម្តែងក្តីគាំទ្រ និងសប្បាយរីករាយ ចំពោះគម្រោងការខាងលើ។ លោកថា ការបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកនេះ នឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ នឹងមន្ត្រីឧទ្យានុរក្សបានយ៉ាងប្រសើរ ហើយក៏បម្រើឲ្យវិស័យទេសចរណ៍ផងដែរ ដោយសារបច្ចុប្បន្ននេះ ទីផ្សារជ្រូកជនជាតិមានតម្រូវការនឹងតម្លៃខ្ពស់នាពេលបច្ចុប្បន្ន៕