(ព្រះវិហារ-កំពង់ចាម)៖ អតីតអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឈ្មោះ មាស សំអឿន ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅចំណុចខាងលិចរង្វង់មូលស្រអែមចំងាយ១០០ម៉ែត្រ ផ្លូវជាតិលេខ៦៩បេ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយស៊ីដាច់លុយរាប់ម៉ឺនដុល្លារ។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួន បានកាលពីរសៀលថ្ងៃទី៣ ខែឧសភា រួចបញ្ជូនទៅឲ្យនគរបាលខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។ ចំពោះទឹកប្រាក់ដែលជនសង្ស័យរូបនេះ បានស៊ីដាច់នោះលោកស្នងការមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងមានចំនួនច្រើន។
ដោយឡែកស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏មិនអាចបញ្ជាក់លម្អិតអំពីចំនួនទឹកប្រាក់បានដែរ តែលោកបានបញ្ជាក់ថា ជនសង្ស័យមិនមែនប្រព្រឹត្តតែម្នាក់ឯងនោះទេ ពោលនៅមានបក្ខពួកផ្សេងទៀត ដែលលោកកំពុងតាមប្រមាញ់។
យោងតាមរបាយការណ៍របស់នគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែឧសភា កម្លាំងអធិការស្រុកជាំក្សាន្ត បានសហការជាមួយកម្លាំងស្នងការខេត្តព្រះវិហារនិងកម្លាំងស្នងការខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តព្រះវិហារ បានចាប់មុខសញ្ញាតាមដីការលេខ1915 ត.ព្រចេញដោយលោកចៅក្រមជំរុំជម្រះ សួន សំណាង នៃសាលាដំបូងខេត្តកំពង់ចាម នៅចំណុចខាងលិចរង្វង់មូលស្រអែមចំងាយ១០០ម៉ែត្រ ផ្លូវជាតិលេខ៦៩បេ ស្ថិតនៅភូមិស្រអែមខាងត្បូង ឃុំកន្ទួតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល និងបទក្លែងបន្លំឯកសារសាធារណៈ» ដែលប្រព្រឹត្តថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
ជនត្រូវចាប់ខ្លួនឈ្មោះ មាស សំអឿន អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរអនុសាខាកាកបាទក្រហម ខេត្តកំពង់ចាម៕