(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមទាំងកម្មករនិយោជក និងនិយោជិតទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព ព្រោះថា បើគ្មានសន្តិភាពនោះទេ ប្រទេសយើងប្រាកដ ជាគ្មានការអភិវឌ្ឍន៍ និងការរីកចម្រើនដូចបច្ចុប្បន្ននេះទេ។

លោកអភិបាលខេត្តរតនគិរី បានថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភា ២០១៨ ក្រោមប្រធានបទ «សន្តិភាព ស្ថេរភាព ដើម្បីការងារ និងមុខរបរ» ស្ថិតនៅក្រុមហ៊ុន ម៉ាងយ៉ាងខេអភិវឌ្ឍន៍ ឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨។

លោកអភិបាលខេត្តរតនគិរី បានលើកឡើងបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការគ្រប់គ្រង ធ្វើប័ណ្ណស្នាក់នៅ និងសៀភៅការងារ ជាពិសេសនោះ ការចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាល។

លោក ថង សាវុន បន្តថា លក្ខខណ្ឌទាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គម ដែលធ្វើការចំនួន២ជំហានរួចមក ហើយជំហានទី១៖ របបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជម្ងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននិយោជិកចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនិយោជក ហើយមិនតម្រូវឲ្យកាត់ប្រាក់ឈ្នួល ពីនិយោជិកនោះឡើយ ដែលបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០០៨មកម្លេះ។

រីឯជំហានទី២៖ ផ្នែកធានារ៉ាប់រងថែទាំសុខភាព សំដៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជម្ងឺគ្រោះថ្នាក់ជាយថា ហេតុ និងលំហែមាតុភាព។

ជាងនេះទៅទៀត លោកអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុនទាំងអស់ត្រូវចូលរួមអនុវត្តន៍ ទៅតាមសៀវភៅបន្ទុក ដែលមានដូចជា៖ ការសាងសង់សាលារៀន មណ្ឌលសុខភាព ផ្ទះស្នាក់នៅ ទឹក ភ្លើង វត្តអារាម ជាដើម ដើម្បីឲ្យឃុំ/ស្រុក និងខេត្តមានការអភិវឌ្ឍន៍រីកចម្រើន។ ម្យ៉ាងទៀតសូមឲ្យកម្មករ-កម្មការិនី ត្រូវមានការចូលរួមសិក្សាស្វែងយល់ពីច្បាប់ការងាររបស់ខ្លួនផងដែរ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី លោក ឌុច ចាន់តូ បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ មន្ទីរ បានចុះស្រង់ស្ថិតិសហគ្រាស គ្រឹះស្ថាននានាក្នុងខេត្ត នានាបានចំនួន២៥៣កន្លែង ពិនិត្យឃើញមានការប្រើប្រាស់ កម្មករនិយោជិតចំនួន៦៨៦៤នាក់ ស្រី២០២២នាក់ និងបានចុះអធិការកិច្ច ការងារសាមញ្ញចំនួន៧១លើក បានចុះអធិការកិច្ចការងារពិសេសចំនួន៥៨ លើក ពិនិត្យឃើញមានប្រើប្រាស់កម្មករ និយោជិតខ្មែរចំនួន៦៦៨៨នាក់ ស្រី១៩០២នាក់ បានផ្តល់ប័ណ្ណ និងសៀវភៅការងារជនកម្ពុជាចំនួន៥៩១នាក់ ក្រុមហ៊ុន បានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសចំនួន២៥ក្រុមហ៊ុន សម្រាប់ឆ្នាំ២០១៨ និងបានពន្យាសុពលភាព និងផ្តល់ប័ណ្ណ និងសៀវភៅការងារចំនួន២២នាក់៕