(ភ្នំពេញ)៖ ដោយសារមើលឃើញពីសារៈប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវដែកនោះ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែខិតខំស្តាឡើងវិញនូវផ្លូវដែកនៅក្នុងប្រទេសប៉ុណ្ណោះទេ តែក៏មានគម្រោងសាងសង់ផ្លូវដែកភ្ជាប់ជាមួយប្រទេសជិតខាង ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅកាន់ប្រ ទេសសមាជិកអាស៊ាន ក៏ដូចជាទៅកាន់ប្រទេសចិនផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ពេលដាក់ដំណើរការរថភ្លើងពីភ្លើងពីសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបងនៅចុងខែមេសា កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានភ្ជាប់ផ្លូវដែកជាមួយប្រទេសថៃរួចរាល់ហើយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែមិនទាន់បានដាក់ឲ្យដំណើរការដឹកជញ្ជូនឆ្លងកាត់ជាមួយគ្នានោះឡើយ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការដែលមិនទាន់ដាក់ឲ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយគ្នា ដោយសារត្រូវពិនិត្យលើពាក្យពេចន៍មួយចំនួនទៀត ដើម្បីកុំឲ្យប៉ះពាល់ដែនអធិបតេយ្យជាតិនៃប្រទេសទាំងពីរ។

លោក ស៊ុន ចាន់ថុល បានអះអាងថា ការដឹកជញ្ជូនផ្លូវដែករវាងកម្ពុជា និងថៃ អាចនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ លោករដ្ឋមន្ត្រី គ្រោងនឹងអញ្ជើញនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា ជិះរថយន្តឆ្លង កាត់ព្រំដែនប្រទេសទាំងពីរនៅថ្ងៃបើកសម្ពោធថែមទៀតផង។

ក្រៅពីការភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃហើយនោះ កម្ពុជា ក៏មានគម្រោងសាងសង់ផ្លូវដែកភ្ជាប់ជាមួយប្រទេសវៀតណាម និងប្រទេសឡាវផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល បានអះអាងថា ផ្លូវដែកភ្ជាប់ទៅកាន់ប្រទេសវៀតណាម គ្រោងនឹងធ្វើឡើងតាមច្រកព្រំដែនបាវិត ខេត្តស្វាយរៀង ហើយផ្លូវដែកភ្ជាប់ទៅកាន់ប្រទេសឡាវ គ្រោងនឹងធ្វើឡើងចាប់ពីស្រុកស្នួល ខេត្តក្រចេះ ភ្ជាប់ទៅដល់ច្រកព្រំដែនត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ ក្នុងនោះផ្លូវដែកភ្ជាប់ទៅប្រទេសវៀតណាម និងឡាវ សុទ្ធតែអាចភ្ជាប់ទៅដល់ប្រទេសចិន។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងផ្លូវដែកភ្ជាប់ទៅប្រទេសជិតខាង សុទ្ធតែបានសិក្សារួចរាល់អស់ហើយ តែរាជរដ្ឋាភិបាលមិនទាន់មាន ថវិកាសម្រាប់សាងសង់នៅឡើយ។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល នឹងប្រឹងប្រែងសម្រេចឲ្យបាននៅពេលអនាគត៕