(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ចិន GX Airlines នឹងចាប់ផ្តើមដំណើរការ ការហោះហើរត្រង់រវាងទីក្រុងណាននីង (Nanning) នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ជាមួយខេត្តសៀមរាប នៃប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។ នេះបើតាមការចុះផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។
ជើងហោះហើរលេខ GX8905 របស់អាកាសចរណ៍ GX Airlines នឹងធ្វើដំណើរចាកចេញពីទីក្រុង Nanning នាវេលាម៉ោង១១៖០៥នាទីព្រឹក (ពេលវេលានៅទីក្រុងប៉េកាំង គឺដើរក្រោយកម្ពុជា១ម៉ោង) ហើយមកដល់ខេត្តសៀមរាប នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) ជារៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍។ សម្រាប់ការហោះហើរត្រឡប់ ទៅកាន់ប្រទេសចិនវិញ គឺចាកចេញពីសៀមរាបនៅម៉ោង០១៖៣០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) និងទៅដល់ទីក្រុង Nanning នៅវេលាខ្ទង់ម៉ោង០៥ទៀបភ្លឺ (ម៉ោងនៅក្រុងប៉េកាំង) ជារៀងរាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ដូចគ្នា។
គួរជម្រាបថា ការហោះហើរខាងលើនេះ គឺជាជើងហោះហើរអន្តរជាតិដំបូងបំផុត របស់ក្រុមហ៊ុនអាកាសចរណ៍ GX airlines ហើយជើងហោះផ្សេងៗទៀត ដែលតភ្ជាប់រវាងតំបន់ Guangxi ជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងថៃ នឹងត្រូវបើកជាបន្តបន្ទាប់នាពេលក្រោយៗទៀត ក្នុងឆ្នាំ២០១៨នេះ៕