(កំពង់ឆ្នាំង)៖ ថ្លែងក្នុងពិធីប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារឥស្លាមមួយ នៅក្រុងកំពង់ឆ្នាំង ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា សាសនា គឺជាវិស័យមួយក្នុងចំណោមវិស័យនានា ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រោមជ្រែងលើកស្ទួយការអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។
ព្រះវិហារដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ នៅចំណុចភូមិ ភូមិ៤សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានទំហំ ០៩ម៉ែត្រ គុណ១៣ម៉ែត្រ ចំណាយថវិកាសរុប ៥៤,៤៥០ដុល្លារ ដែលរាប់បញ្ចូលទាំងអំណោយមនុស្សធម៌ និងចំណាយផ្សេងៗ ដែលជាអំណោយរបស់សប្បុរសជនប្រទេសម៉ាឡេស៊ី។
លោកឧកញ៉ បន្តថា នៅតាមសហគមន៍ខ្មែរឥស្លាម ពួកគាត់បានលើកកំពស់ និងផ្តោតការយកចិត្តទុកដាក់លើធម៌វិន័យសាសនា ក្នុងការអប់រំបុត្រធីតា យុវជន និង សាសនិកជាទូទៅ ដើម្បីរក្សាគុណតម្លៃជាពលរដ្ឋល្អ ចូលរួមកសាងរក្សាសុខសន្តិភាព ស្ថេរភាព និងសុវត្ថិភាពក្នុងសង្គម។
លោកឧកញ៉ បន្ថែមថា សម្រាប់សហគមន៍ឥស្លាម ព្រះវិហារក្រៅពីទីគោរពសក្ការៈ វាជាមណ្ឌលអប់រំទូន្មាន ប្រៀនប្រដៅមួយយ៉ាងសំខាន់ ហើយក៏មានសារៈប្រយោជន៍ ក្នុងការប្រើប្រាស់ជាទីទាំងប្រឹក្សាយោបល់ និងកិច្ចប្រជុំផ្សេងៗដើម្បីឆ្ពោះទៅរកគោលការណ៍អភិវឌ្ឍសហគមន៍៕