(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានសហការមួយលោក ប៉ែន ធីរុង្គ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយលោក ចាន់ សុខទី អគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និងសហការី បានដឹកនាំប្រតិភូក្រុមហ៊ុនចិន Henan Yuguang International បានចុះត្រួតពិនិត្រ ឃ្លាំងស្ដុកស្រូវ៥ម៉ឺនតោន និងឡសំម្ងួត១៥០០តោន នៅខេត្តតាកែវ ដែលកំពុងសាងសង់ ដោយក្រុមហ៊ុន Khmer Food របស់ឧកញ៉ា គឹម សាវុធ។
បន្ទាប់ពីត្រឡប់មកត្រួតពិនិត្យឃ្លាំងស្ដុកស្រូវ៥ម៉ឺនតោន និងឡសំម្ងួត១៥០០តោនក្នុង១ថ្ងៃ ដែលស្ថិតនៅក្នុងភូមិទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកពង់ស្ពឺ របស់ក្រុមហ៊ុន Khmer Food ដែលបានសាងសង់សម្រេចបាន៩០ភាគរយរួមមក នៅរសៀលថ្ងៃដដែលនោះ លោកអគ្គនាយក RDB ក៏បាន ចុះទៅត្រួតពិនិត្យឃ្លាំងស្ដុកស្រូវ៥ម៉ឺនតោន និងឡសម្ងួត១៥០០តោនក្នុង១ថ្ងៃ មួយទីតាំងទៀត ដែលសាងសង់ដោយក្រុមហ៊ុន Khmer Food ដដែល នៅក្នុងខេត្តព្រៃវែង ដែលគ្រោងសង់រួច នៅខែមិថុនាខាងមុខនេះ។
សូមជម្រាបថា ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីឈ្មោះរបស់កម្ពុជា ចំនួន២ក្រុមហ៊ុន រួមមានក្រុមហ៊ុន Amru Rice របស់លោកឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Khmer Food របស់លោកឧកញ៉ា គឹម សាវុធ បានទទួលសិទ្ធិ ក្នុងការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវចំនួន ៥០,០០០តោន និងឡសំងួតស្រូវដែលអាចសំងួតបាន១៥០០ តោនក្នុងមួយថ្ងៃ ក្នុងតំបន់៣រួមមាន៖
១៖ តំបន់ខេត្តកំពង់ធំ
* ក្រុមហ៊ុន អេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី (AMRU Rice Cambodia Co.,Ltd)
២៖ តំបន់ខេត្តព្រៃវែង
* ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)
៣៖ តំបន់ខេត្តតាកែវ
* ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP)