(ភ្នំពេញ)៖ តាមរយៈវីដេអូកិច្ចសម្ភាសន៍ប្រមាណជាង១ម៉ោងរបស់លោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ជាមួយបណ្ដាញព័ត៌មាន Fresh News លោក រដ្ឋា វិសាល បានលើកចំណុចមួយដោយអះអាងថា បុគ្គលិកជាអ្នកព័ត៌មាននៅវិទ្យុអាស៊ីសេរី ភាគីច្រើនជាបងប្អូន ឬជាសាច់ញាតិរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដូច្នេះការផ្សព្វផ្សាយគឺមានលក្ខណៈលំអៀង និងមានខ្លះលក្ខណៈញុះញង់ ខ្វះវិជ្ជាជីវៈ។
បើតាមលោក រដ្ឋា វិសាល អះអាងថា ដោយសារបុគ្គលិកភាគច្រើនជាសាច់ញាតិរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ហើយខ្លះមាននិន្នាការប្រឆាំងទើបជ្រើសយកមកធ្វើការ បែបនេះហើយទើបអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរី សរសេរផ្សព្វផ្សាយមកមានលក្ខណៈលំអៀង និងខ្លះទៀតមានលក្ខណៈញុះញង់ អុចអាល។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលនិយាយបកអាក្រាតរឿងផ្ទៃក្នុងមិនសំចៃមាត់ រួបនេះបានថ្លែងយ៉ាងដូច្នេះថា «យុទ្ធនាការបណ្ដេញបុគ្គលឆ្នើមរបស់ខ្លួន ចេញពីការងារ មេដឹកនាំវិទ្យុអាស៊ីសេរីក្រោយ បានអះអាងថា គឺជាយុទ្ធសាស្ដ្រប្ដូរសរសៃឈាមថ្មី មានន័យថា គេយកយុវជនក្មេងៗ ហើយយុវជនក្មេងទាំងនោះមិនដែលមាន អាជីពអ្នកសារព័ត៌មានទេ ប៉ុន្ដែពួកគេមាននិន្នាការគាំទ្រ ឬក៏សាច់ញាតិគណបក្សសង្គ្រោះជាតិ។
លោកបានបន្ដដោយលើកឧទាហរណ៍ចំៗថា «ខ្ញុំឧទាហរណ៍ជាក់ស្ដែង ថ្មីៗនេះគេរើសយកសាច់ញាតិមួយរបស់ ឯកឧត្តម ប៉ុល ហំ គឺលោក មួង ណារ៉េត ហើយតាមខ្ញុំដឹង ដូចជាក្មួយប្រសារនៅរដ្ឋវ៉ាស៊ីនតោន ហើយនៅភ្នំពេញ មានច្រើនទៀតប៉ុន្ដែខ្ញុំសុំមិនលើក ដែលសុទ្ធតែជាសាច់ញាតិគណបក្សសង្គ្រោះជាតិ»។
សូមទស្សនានូវការលើកឡើងរបស់លោក រដ្ឋា វិសាល តាមរយៈវិដេអូនៃកិច្ចសម្ភាសន៍នៅខាងលើ៖