(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹង ដោយទទួលស្គាល់ សញ្ញាបត្រវេជ្ជបណ្ឌិតមកពីប្រទេសវៀតណាម។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់លោករដ្ឋមន្រ្តី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្រោយពីបានពិនិត្យ និងពិភាក្សាឡើងវិញ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល សម្រេចទទួលស្គាល់សញ្ញាបត្រ វេជ្ជបណ្ឌិត ដែលត្រឹមត្រូវចេញដោយគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ស្របច្បាប់ពីសាធារណរដ្ឋសង្គមនិយមវៀតណាម»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ មាននិស្សិតវេជ្ជបណ្ឌិតម្នាក់ ដែលទើបបញ្ចប់ការសិក្សាពីប្រទេសវៀតណាម មានឈ្មោះនៅលើ Facebook ថា CH Vandara បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយដោះស្រាយបញ្ហាសញ្ញាបត្ររបស់ខ្លួនដែលទទួលបានពីប្រទេសវៀតណាម បែរជាក្រសួងសុខាភិបាលមិនទទួលស្គាល់។
សំណូមពររបស់និស្សិតវេជ្ជបណ្ឌិតខាងលើនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ឆ្លើយតបតាមរយៈ Comment នៅលើ Facebook វិញថា «ពូបានឲ្យឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រី ក្រសួងសុខាភិបាលប្រជុំរកដំណោះស្រាយបន្ទាន់។ សម្រាប់ពូមិនមានបញ្ហាទេលើការទទួលស្គាល់កំរិតវេជ្ជបណ្ឌិតដូចគ្នា ឲ្យតែខាងសាលាវៀតណាមផ្តល់ សញ្ញាបត្រវេជ្ជបណ្ឌិតត្រឹមត្រូវ។ តែយ៉ាងណាពូត្រូវស្តាប់ប្រធានស្ថាប័នឆ្លើយតបជាមួយពូសិនថា មូលហេតុអ្វីបានជាទទួលយកមិនបាន? តើមកពីកម្ពុជារៀន៨ឆ្នាំ ឯវៀតណាមរៀនតែ៦ឆ្នាំ ទើបទទួលមិនបាន។ ប្រសិនបើនេះជាមូលហេតុពូបានពន្យល់ឯកឧត្តម ម៉ម ប៊ុនហេង ហើយ។ ៨ឆ្នាំពេលរៀនតិចតែ៦ឆ្នាំពេលរៀនច្រើនសរុប ទៅដូចគ្នាទេ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ក៏បានឆ្លើយតបចំពោះបញ្ហានេះថា «ខ្ញុំបាទសូមគោរពជំរាបជូនសម្ដេចដោយគោរពដ៏ខ្ពង់ខ្ពស់ថា ករណីនិស្សិតវេជ្ជបណ្ឌិត មកពីវៀតណាម ក្រសួងពុំយល់ទាស់ក្នុងករណីអ្នកទាំងនោះមានសញ្ញបត្រត្រឹមត្រូវ។ ម៉ម ប៊ុនហេង»។
ជាចុងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កង្វល់របស់ក្មួយៗត្រូវបានដោះស្រាយទាំងអ្នករៀនចប់ ទាំងអ្នក កំពុងរៀន។ ក្មួយៗដែលរៀនចប់ ហើយត្រូវចំណេះវិជ្ជា មកបំរើប្រជាជន និងខិតខំបង្កើនសមត្ថភាពបន្ថែមទៀត។ សម្រាប់ក្មួយៗមិនទាន់រៀនចប់ត្រូវរៀនឲ្យចប់ និងឲ្យចេះពិតប្រាកដ។ ជូនពរក្មួយៗជួបតែសេចក្តីសុខ។ Facebook របស់ពូសម្រាប់ដោះស្រាយការងារនិងស្តាប់សំណូមពរប្រជាជន ដូចករណីយក្មួយៗនេះស្រាប់»៕