(ត្បូងឃ្មុំ)៖ រយៈពេល៥ថ្ងៃ នៃវគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ដល់យុវជនខេត្តត្បូងឃ្មុំ ជាង២០០នាក់ នៅសាលាខេត្តត្បូងឃ្មុំ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
ថ្លែងនាឳកាសនោះ លោក សាយ សំអាល់ បានឲ្យដឹងថា កម្មវិធីនេះត្រូវបានបង្កើតឡើង ក្រោមការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដោយអនុវត្តឯកសារយុទ្ធសាស្រ្តស្ដីពី យុវជនក្នុងបុព្វហេតុជាតិមាតុភូមិរបស់ ស.ស.យ.ក ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ដែលបានដាក់ចេញនូវសសរស្ដម្ភចំនួន៩ ហើយកម្មវិធីនេះ ស្ថិតនៅក្នុងសសរស្ដម្ភទី៤ ស្ដីពីការអភិវឌ្ឍសមត្ថភាពយុវជន ការរៀបចំវគ្គបណ្ដុះបណ្ដាលដល់យុវជនសកម្មជន ខេត្តត្បូងឃ្មុំផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គនេះ យុវជនដែលជាសិក្ខាកាមទាំងអស់ បានទទួលនូវពុទ្ធិ និងយល់ដឹងអំពី ទិដ្ឋភាពនយោបាយ មានសមត្ថភាពវិភាគ វាយតម្លៃព្រឹត្តិការណ៍នយោបាយ ចេះបកស្រាយពន្យល់សាធារណមតិ និងយល់ដឹងច្បាស់លាស់ អំពីគណបក្សដើម្បីកសាងកម្លាំងយុវជនគាំទ្រគណបក្ស ដ៏ពិតប្រាកដ។
លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា យុវជនជាទំពាំងស្នងឫស្សី ដែលមិនអាចខ្វះបាន ប៉ុន្តែទំពាំងមុននឹងស្នងឫស្សី ត្រូវតែជាទំពាំងដែលល្អ រឹងមាំ ត្រង់ចំនុចនេះ យុវជនទាំងអស់ ត្រូវចេះចាប់យកឱកាសរៀបចំផែនការ កំណត់ទិសដៅឲ្យបានជាក់លាក់ ក្នុងការអនុវត្តសកម្មភាពការងារ រួមជាមួយទស្សនៈវិស័យ ចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ ពិសេសខិតខំប្រឹងប្រែងបំពេញកិច្ចការងារ កាតព្វកិច្ច និងទស្សនៈស្នេហាជាតិដ៏ពិតប្រាកដ និងត្រឹមត្រូវ។
លោក សាយ សំអាល់ បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវធ្វើជាជំហសសរទ្រូងប្រទេសជាតិ ស្នេហាជាតិពិតប្រាកដ ធ្វើជាគំរូរល្អ សម្រាប់កូនចៅជំនាន់ក្រោយនាពេលអនាគត ជាពិសេសត្រូវរួមគ្នា កាន់ដៃគ្នា បោះជំហានទៅមុខព្រមគ្នា ដោយឈរស្របតាមមាគា៍ដ៏ត្រឹមត្រូវ ច្បាស់លាស់ មានទស្សនៈវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំដ៏ឈ្លាសវ៉ៃ ដើម្បីរួមដំណើរជាមួយសម្តេច នៅលើនាវាសន្តិភាពកម្ពុជា ឆ្ពោះទៅកាន់ត្រើយអភិវឌ្ឍន៍ជាបន្ត៕