(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ យុន ឈុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច អមដំណើរដោយ ប្រធាន និងអនុប្រធានទី១ ក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំសំរោង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៅវត្តធម្មរតន៍ហៅវត្តសង្កែ ស្ថិតនៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងកម្មវិធីនេះក៏មានការចូលរួមទទួលរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្កៅពីសំណាក់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជា១៤១៤នាក់។
បន្ទាប់មតិស្វាគមន៍ពីសំណាក់លោកអភិបាលស្រុកស្វាយអន្ទរ រួចមក នាយឧត្តមសេនីយ៍ យុន ឈុន្នី បានជួបសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ អំពីសភាពការណ៍វិវត្តន៍ នាពេលបច្ចុប្បន្ន និងបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ កុំភ្លេចទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ យុន ឈុន្នី បានសំណូមពរដល់ពុទ្ធិបរិស័ទ្ធចំណុះជើងវត្ត ជួយថែរក្សាឲ្យបានគង់វង្សនិងស្អាតល្អ ហើយរួមគ្នាថែរក្សា សុវត្ថិភាព សុខសន្តិភាពឲ្យបានល្អ និងដាស់តឿនឲ្យកូនចៅជៀសវាងការប្រើប្រាស់គ្រៀងញៀននិងចូលរួមគោរពច្បាប់សារាចរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ បានបំពាក់មេដៃជូនសប្បុរសជន ដែលបានចូលរួមជួយកសាងសមិទ្ធិផល និងចែកជូនសម្ភារដល់ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឧបត្ថម្ភរទេះរុញដល់ជនពិការផងដែរ។
បន្ទាប់មក នាយឧត្តមសេនីយ៍ យុន ឈុន្នី បានអញ្ជើញកាត់ខ្សែបូរសម្ពោធស្រះទឹក នៅក្នុងវត្តសង្កែ និងបានចូលរួមដាំកូនឈើនៅក្នុងបរិវេណវត្ត ប្រកបដោយភាពស្និទ្ធិស្នាលជាទីបំផុត៕