(ភ្នំពេញ)៖ ក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី ជាក្រុមហ៊ុនកាហ្វេតែមួយគត់នៃប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់គុណភាពអន្តរជាតិ ក្នុងសតវត្ស ២០១៨ (CENTURY INTERNATIONAL QUALITY ERA AWARD 2018) ពីប្រទេសស្វីស ស្តីពី «ការគ្រប់គ្រងសង្វាក់ផលិតកម្មមានគុណភាពលំដាប់អន្តរជាតិសម្រាប់ ឆ្នាំ២០១៨» នៅទីក្រុងហ្ស៊ឺណែវ នៃប្រទេសស្វីស ក្នុងខែមេសា កន្លងទៅនេះ ដែលព្រឹត្តិការណ៍មានការចូលរួមពីបណ្តាប្រទេសចំនួន ១៣២ មកពីជុំវិញពិភពលោក។

នេះគឺជាឆ្នាំទី២ ហើយដែលក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី ទទួលបានពានរង្វាន់ផ្នែកគ្រប់គ្រងផលិតកម្ម មានគុណភាពលំដាប់អន្តរជាតិចំនួនពីរឆ្នាំជាប់គ្នា គឺពានរង្វាន់មង្កុដមាសអន្តរជាតិ២០១៧ (International Quality Crown Award 2017) ពីចក្រភពអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ហើយនៅខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី ត្រូវបានស្ថាប័នអន្តរជាតិ BID QUALIY ប្រគល់ពានរង្វាន់គុណភាពអន្តរភាពក្នុងសតវត្ស ២០១៨ (CENTURY INTERNATIONAL QUALITY ERA AWARD 2018) ពីប្រទេសស្វីស។

លោក យន់ ធន អគ្គនាយក ក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះថា «ការទទួលបានពានរង្វាន់ថ្មីបន្ថែមទៀតសម្រាប់ឆ្នាំនេះ ពីប្រទេសស្វីស ស្តីពី ការគ្រប់គ្រងសង្វាក់ផលិតកម្ម មានគុណភាពលំដាប់អន្តរជាតិសម្រាប់ ឆ្នាំ២០១៨ សបញ្ជាក់ឲ្យឃើញថា ផលិតផល កាហ្វេ របស់ក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី នៃប្រទេសកម្ពុជា ត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ថា ជាផលិតផលប្រកបដោយគុណភាព គ្មានការក្លែងបន្លំ និងជាកាហ្វេធម្មជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលប្រកបដោយឱជារស ឈ្ងុយឆ្ងាញ់»

លោកបញ្ជាក់ថា «ពានរង្វាន់ទាំងពីរ គឺទាំងពានរង្វាន់គុណភាពអន្តរភាពក្នុងសតវត្ស ២០១៨ ពីប្រទេសស្វីស និង ពានរង្វាន់ពានរង្វាន់មង្កុដមាសអន្តរជាតិ ២០១៧ ពីប្រទេសអង់គ្លេស បានបញ្ជាក់យ៉ាងច្បាស់ពីគុណភាពនៅក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី ។ សម្រាប់ខ្ញុំនេះគឺជាមោទនភាពដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសកម្ពុជា ពិសេសក្រុមហ៊ុនអឹមខេ កាហ្វេមណ្ឌលគីរី ស្របពេលដែលអតិថិជនជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តពិសាកាហ្វេ កំពុងតែព្រួយបារម្ភពីកង្វះគុណភាពនៃផលិតផលកាហ្វេមួយចំនួន តែផ្ទុយទៅវិញផលិតផលរបស់យើងគឺ ផលិតផលកាហ្វេ កាហ្វេ អឹមខេ មណ្ឌលគីរី នៃប្រទេសកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិរកឃើញថា ជាផលិតផលប្រកបដោយគុណភាពលំដាប់អន្តរជាតិនោះ។ ហើយនេះ ជាការផ្តល់ទំនុកចិត្តយ៉ាងសំខាន់ ទៅដល់អតិថិជន ដែលនិយម ចូលចិត្ត កាហ្វេ អឹមខេ មណ្ឌលគីរី នៅទូទាំងប្រទេស ក៏ដូចជាអតិថិជននៅក្រៅប្រទេសផងដែរ»

បច្ចុប្បន្ន ក្រុមហ៊ុន កាហ្វេ អឹមខេ មណ្ឌលគីរី ជាក្រុមហ៊ុនផលិតកាហ្វេក្នុងស្រុកដ៏ធំជាងគេ ក្នុងការប្រមូលទិញកាហ្វេធម្មជាតិក្នុងខេត្តមណ្ឌលគីរី ហើយផលិត និងចែកចាយកាហ្វេជាច្រើនប្រភេទ ក្នុងទូទាំងប្រទេសកម្ពុជា រួមទាំងនាំចេញទៅបរទេស ដូចប្រទេស រុស្ស៊ី ប្រទេសថៃ កូរ៉េ ជប៉ុន ចិន អូទ្រីស អាល្លឺម៉ង់ អាមេរិក និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត ៕