(ប៉ៃលិន)៖ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ លោកស្រី បាន ស្រីមុំ អនុប្រធានក្រុមការងារចុះជួយខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមដំណើរដោយលោក កើត សុធា ប្រធានគណបក្សខេត្ត និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាសមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងក្រុមការងារ និងក្រុមយុវជនគណបក្សខេត្ត បានអញ្ជើញជួបសំណេះ សំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ មកពីភូមិចំនួន៤ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញដល់ថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ខិតខំដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ មិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានដោះស្រាយនោះទេ។

លោកស្រីតំណាងរាស្ត្រ បានបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលរឹងមាំ និងមានភាពចាស់ទុំផ្នែកនយោបាយ ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។

គួរបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនេះ លោកស្រី បាន ស្រីមុំ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់ប្រជាពលរដ្ឋ ៦៧២នាក់ មកពីភូមិចំនួន៤ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ គឺភូមិថ្នល់បត់ ភូមិទួលខ្ពស់ ភូមិទំនប់ និងភូមិស្ទឹងត្រង់ ដោយក្នុងម្នាក់ៗទទួលបាន ថវិការចំនួន ១ម៉ឺនរៀលផងដែរ៕