(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានខិតខំបង្រួបបង្រួមជាតិ ពុះពារស្វែងរករក្សាសន្តិភាព ស្ថិរភាព គណបក្សដ៏ខ្លាំងក្លាមួយនេះនៅតែបង្ហូរញើសជាមួយប្រជាពលរដ្ឋខ្មែរ ខំប្រឹងអភិវឌ្ឍជាតិឲ្យមានភាពរីកចម្រើន នៅតែបន្តរួមរស់ជាមួយប្រជាពលរដ្ឋខ្មែរជាដរាប។
លោក ថោង ខុន អះអាងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមេក្រុមបក្សនៅឃុំត្នោតជុំ ស្រុកបារាយណ៍ជិត ៣០០នាក់ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នៅស្រុកបារាយណ៍។
លោក ថោង ខុន បានជម្រាបពីការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបាននាំមកនូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាគន្លឹះជាមូលដ្ឋានក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីតែងគិតគូរ និងសម្រួលដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត និងប្រជាពលរដ្ឋមូលដ្ឋាន។
តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមានសុខសន្តិភាពេញលេញចាប់ពីឆ្នាំ១៩៩៨ និងបានបង្រួបបង្រួមជាតិ និងចាប់ដៃគ្នាកសាងអភិវឌ្ឍប្រទេសជាតិ រហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ កម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស និងកម្ពុជាជាប្រទេសប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ ការរំលាយគណបក្សសង្គ្រោះជាតិរបស់តុលាការកំពូល គឺជាការអនុវត្តច្បាប់ដើម្បីការពារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការពារដ្ឋធម្មនុញ្ញនៅកម្ពុជា។ ប្រទេសជាច្រើនលើសកលលោកដែលស្រលាញ់ និងប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសន្តិភាព (ដូចអ្វីដែលកម្ពុជាបាននិងកំពុងអនុវត្ត) បានគាំទ្រចំពោះដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចជា ចិន រុស្សី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា បារាំង ទួកគី អូស្ត្រាលីជាដើម។
ប្រជាពលរដ្ឋត្រូវការសន្តិភាព និងការអភិវឌ្ឍ ហើយកត្តាសំខាន់គឺសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពួកគាត់ ដែលបច្ចុប្បន្នមានការកើនឡើង។ អ្នកដែលឃោសនា ញុះញង់ បំផុសបំផុលប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាអំពើខុសច្បាប់។ ក្នុងច្បាប់រដ្ឋធម្មនុញ្ញ ការទៅបោះឆ្នោតគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណា គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជា និងសមាជិកបក្សប្រជាជនប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជននាំមកនូវសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើអោយពួកគាត់បានរស់នៅក្នុងភាពសុខសាន្តរៀងរាល់ថ្ងៃ។
លោកផ្តាំផ្ញើដល់ក្រុមការងារគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស បន្តចូលរួមរក្សាការពារសន្តិភាព និងសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងបន្តយកចិត្តទុកដាក់គ្រប់គ្រងសមាជិកបក្ស គ្រួសារបក្ស ក្រុមបក្ស និងយុវជនឲ្យបានល្អ ខិតខំធ្វើអំពើល្អ ដឹងសុខទុក្ខប្រជាពលរដ្ឋ ខិតខំប្រមូលកម្លាំងប្រជាពលរដ្ឋគាំទ្រគណបក្សបជាជនឲ្យបានកាន់តែច្រើន ពិសេសមេឃុំ ស្មៀនឃុំ មន្ត្រីឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមអភិក្រម ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានប្រសិទ្ធភាព៕