(ព្រះសីហនុ)៖ ​ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តយុទ្ធនាការក្តៅដោយបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ ចាប់រថយន្ដដែលកំពុងបើកបរ​ដោយល្មើសច្បាប់លើដងផ្លូវសាធារណៈ ពិសេសបើកបរដោយជនជាតិចិន ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ​ ដោយឃាត់បានរថយន្ដ៧គ្រឿងបន្ថែមទៀត។

​ប្រតិបត្តិការចុះអនុវត្តច្បាប់ចរាចរណ៍ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅចំនួន​០២គោលដៅរួមមាន៖ ទី១-គោលដៅ​លើផ្លូវវិថី២ធ្នូ​ ត្រង់ចំណុចច្រមុះ​ជ្រូក​គុជអាស៊ី​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ និងទី២-គោលដៅ​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​P6 រង្វង់​មូល​តោ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញ​ឃាត់រថយន្តបានចំនួន៧គ្រឿង​​ ដែលរថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​បណ្ណ​បើកបរ​ និង​មាន​បណ្ណ​បើក​បរ​​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​។

រថយន្តដែលត្រូវឃាត់ទុកនោះរួមមាន៖
១៖ រថយន្តម៉ាក​ HYUNDAI ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-7593
២៖ រថយន្តម៉ាក​ HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2S-0691
៣៖ រថយន្តម៉ាក​ HIGHLANDER​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-1456
៤៖ រថយន្តម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AQ-2076
៥៖ រថយន្តម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-9673
៦៖ រថយន្តម៉ាក​ HYUNDAI H1 ពណ៌ ប្រផេះ​ គ្មានផ្លាកលេខ​
៧៖ រថយន្តម៉ាក​ LEXUS​ RX​300 ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-9312។

បើតាមលោកស្នងការ រថយន្ដទាំង៧គ្រឿងខាងលើនេះ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជា​បណ្ដោះ​អាសន្ន​ដើម្បីចាត់ការបន្ដតាមនីតិវិធី។

កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលរបស់លោក ក៏បានឃាត់រថយន្តចំ​នួន១៤គ្រឿងផងដែរ ដែលបើកបរដោយជនជាតិចិនគ្មានប័ណ្ណបើកបរ និងឯកសារគ្រប់គ្រាន់៕