(ភ្នំពេញ)៖ ទីបំផុតទៅ ក្រុមជនសង្ស័យដែលពាក់ព័ន្ធករណីបើកបនល្បែងភ្នាល់បាល់អនឡាញ នៅខណ្ឌចំការមន មានមនុស្សត្រឹមតែ៤នាក់ (ស្រី០២នាក់) ប៉ុណ្ណោះ ក្នុងចំណោម១១នាក់ ដែលត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី០៤-០៥ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោម ជនសង្ស័យ១១នាក់ ដែលត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំង បទល្មើសពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅក្នុងការបង្ក្រាប បនល្បែងភ្នាល់បាល់អនឡាញ នៅខណ្ឌចំការមន ត្រូវបានគេរត់ការដោះលែង នៅក្រសួងអស់៧នាក់ហើយ។ ចំណែកជនសង្ស័យ៤នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ក៏កំពុងមាន អ្នករត់ការដោះលែងឲ្យរួចពីការឃុំខ្លួនផងដែរ។
គួររំលឹកថា កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ បានប្រតិបត្តិការបង្ក្រាបទីតាំងបនល្បែង ភ្នាល់បាល់អនឡាញ យីហោ Internet ស្ថិតតាមបណ្តោយផ្លូវ ៣៦៥ ផ្លូវលេខ៤៧៤ ផ្ទះលេខ២៦ ក្រុម៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួន មនុស្ស ប្រុស-ស្រី ចំនួន១១នាក់ ប៉ុន្តែក្រោយមកត្រូវជ្រុះបាត់ជនសង្ស័យ៧នាក់ នៅសល់៤នាក់ បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕