(ភ្នំពេញ)៖ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សលើវិស័យអប់រំ ជាមួយរាជារដ្ឋាភិបាលកម្ពុជា ធនាគារ មេយប៊ែង បានបង្កើតមូលនិធិរបស់ខ្លួន មានឈ្មោះថា «មេយប៊ែង» អស់រយៈពេល៤ឆ្នាំ ដើម្បីពង្រីកការចូលរួមជ្រោមជ្រែងជាមួយសាលារៀនរដ្ឋដោយរំពឹងថា នឹងជួយដល់កុមារប្រមាណជាង២ម៉ឺននាក់ ក្នុងចំណោមសាលារដ្ឋចំនួន៤០ នៅទូទាំងប្រទេសកម្ពុជា។
បន្ទាប់ពីជោគជ័យលើមូលនិធិរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ ធនាគារ មេយប៊ែង បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងធានាគារជាតិនៃកម្ពុជា បានរៀបចំមូលនិធិធនាគារ មេយប៊ែង ដើម្បីបោះជំហ៊ានពង្រីកកម្មវិធីបណ្តុះបណ្តាល ផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះថា «CASHVILLE KIDZ»។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ជា សេរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា, លោកបណ្ឌិត រ័ត្ន សុវណ្ណរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោកបណ្ឌិត ម៉ុក សារឹម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំយុវជន និងកីឡា, លោក DATO' MOHD HANIF SUADI ជានាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង និងលោក SHAHRIL AXUAR JIMIN ជានាយកប្រតិបត្តិ នៃមូលនិធិធនាគារ មេយប៊ែង រួមជាមួយលោកនាយកសាលា នាយិការដ្ឋយ៉ាងច្រើនកុះករផងដែរ។
ធនាគារ មេយប៊ែង បានបោះជំហ៊ានដំណាក់កាលទី២ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានជោគជ័យ នៃកម្មវិធីសាកល្បងនៅខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក ដោយបានជ្រើសយកសាលារៀនឯកជនចំនួន៨ នៅក្នុងរាជធានីភ្នំពេញ។ ដំណាក់កាលថ្មីនេះ ធនាគាររំពឹងទុកថា នឹងមានសិស្សានុសិស្សប្រមាណជាង៣០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍លើកម្មវិធីនេះផងដែរ។
លោក DATO' MOHD HANIF SUADI បានថ្លែងថា កម្មវិធី Cashvills kidz មានគោលបំណងបង្កើនចំណេះដឹងលើផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមកុមារ នៅតាមសាលារៀន ហើយអាចត្រូវបានគម្រូយ៉ាងងាយស្រួល នៅក្នុងប្រទេសផ្សេងទៀត ដែលមានវត្តមានរបស់ធនាគារ មេយប៊ែង។ ជាមួយគ្នានេះយើងជំរុញឱ្យមានការគាំទ្រលើកម្មវិធីនេះ ដែលជាផ្នែកមួយនៃកម្មវិធីដ៏សំខាន់របស់យើង ក្នុងការខិតខំប្រឹងប្រែងអប់រំកុមារតូចៗ និងស្ទើរតែញឹកញាប់ឪពុកម្តាយ និងសហគមន៍អំពីបញ្ហាទូទៅសារៈសំខាន់លើចំណេះដឹង ផ្នែកហិរញ្ញវត្ថុមួយនេះ»។
ជាមួយគ្នានេះលោក SHAHRIL AXUAR JIMIN បានថ្លែងថា «យើងសង្ឃឹមថាការសហការគ្នានេះនឹងជំរុញឱ្យកម្ម Cashvills kidz រឹតតែមានសមត្ថភាពបង្កើត នូវចំណេះដឹងថ្មីបន្ថែមទៀត ដល់សិស្សានុសិស្សជំនាន់ក្រោយ មិនមែនត្រឹមតែជាអ្នកជំនាញទេ ប៉ុន្តែថែមទាំងមានការយល់ដឹងបន្ថែមទៀត លើផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា និងចូលរួមជួយពង្រឹងសេដ្ឋកិច្ចជាតិផងដែរ»។
បន្ថែមពីនេះ Maybank បានសម្លឹងឆ្ពោះទៅរកគំនិតផ្តួចផ្តើមទូទាំងប្រទេស ដែលនឹងបង្កើនកម្រិត នៃការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបញ្ញាក្នុងចំណោមសហគមន៍ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោយមានជំនួយពីធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡាផងដែរ៕