(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយកម្មករនិយោជិកនៅទូទាំងខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២ ថ្ងៃ១ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារនិងមុខរបរ» និងបានពាវនាវឲ្យបងប្អូន កម្មករកម្មការិនី និងប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោត ដើម្បីបន្តការអភិវឌ្ឍសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា។
ក្នុងពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីមន្ត្រីគ្រប់ស្ថាប័នជុំវិញខេត្ត និងកម្មករ-កម្មការិនីចំនួន៥៣៥នាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅស្រុកមណ្ឌលសីមា។
លោកស្រីអភិបាលខេត្តបានលើកឡើងថា «ប្រទេសមានសុខសន្តិភាព មានស្ថិរភាពទើបមានរោងចក្រ បង្កើតការងារកាន់តែច្រើនដល់កម្មករ-កម្មការិនី ដើម្បីកាត់បន្ថយការចំណាកស្រុក ទៅក្រៅប្រទេស»។
លោកស្រីបានគូសបញ្ជាក់ថា «ការបានមកជួបជុំគ្នាពេលនេះ គឺបានមកពីប្រទេសមានសន្តិភាព ស្ថិរភាព តែបើប្រទេសគ្មានសន្តិភាព ស្ថិរភាពពេញលេញនោះទេ ការអភិវឌ្ឍដូចសព្វថ្ងៃ យើងពុំបានជួបជុំគ្នាសំណេះសំណាលគ្នាដូចពេលនេះដែរ»។
លោកស្រី បានរំឭកផងដែរថា កាលពីឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាច្រើនឆ្នាំ ហើយត្រូវបានការបំផ្លាញគ្មានសល់ ដោយប្រើមនុស្សធ្វើការដូចសត្វធាតុ ធ្វើឲ្យក្រុមគ្រួសារមិនស្គាល់បងប្អូន ឪពុកម្តាយមិនស្គាល់កូន កូនមិនស្គាល់ម្តាយ ហើយរបបវាលពិឃាតនេះ សម្លាប់មនុស្សគ្មានញញើតដៃទៀតផង។
ចំពោះនាពេលបច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព ស្ថិភាព មានការរីកចំរើនលើគ្រប់វិស័យទាំងអស់ ហើយបងប្អូនមានសិទ្ធិធ្វើដំណើរ ទៅណាមកណាបានដោយសេរី ទាំងអស់នេះហើយ គឺបានមកពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកធំធាត់ឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា ការជួបសំណេះសំណាលជាមួយបងប្អូននាពេលនេះ ក្នុងគោលបំណងបង្កើនភាពស្និតស្នាល ក្នុងការទំនាក់ទំនងវិជ្ជាជីវៈ កម្មករនិយោជិក និងដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៨ ហើយក៏ជាសកម្មភាពល្អមួយ ក្នុងចំណោមសកម្មភាពជាច្រើន ត្រូវបានយកមកអនុវត្តន៍នៅក្នុងសហគ្រាស គ្រឹះស្ថានផ្សេងទៀត។
លោកស្រីបានធ្វើការផ្តាំផ្ញើ ដល់កម្មករកម្មការិនីទាំងអស់ ត្រូវចេះថែរក្សាសុខភាព សុខសន្តិភាពនេះ ដោយកម្មករកម្មការិនីទូទាំងប្រទេស ចូលរួមសហការគ្នាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ជាពិសេសបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេស កុំជឿការលាបពណ៌ ការញុះញ៉ុង បំបែកបំបាក់ ដែលនាំឲ្យមានការប្រកាន់ពូជសាសន៍ ព្រោះវាជាហេតុបណ្តាលមានការបែកបាក់សាមគ្គីភាពជាតិផងដែរ៕