(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ បានរំលឹកទៅដល់លោកគ្រូ-អ្នកគ្រូ ប្រមាណ១ពាន់នាក់ នៅខេត្តកណ្ដាល ត្រូវជៀសវាងនូវពាក្យញុះញង់ របស់ជនអគតិមួយចំនួន ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សា ទូទាំងស្រុកពញាឮ ខេត្តកណ្តាល ចំនួន ១,០១០ នាក់ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៨នេះ។
ថ្លែងនៅក្នុងឱកាសនោះ លោក លឹម គានហោ បានរំលឹកដល់លោកគ្រូ អ្នកគ្រូ ត្រូវជៀសវាងនូវពាក្យញុះញង់ របស់ជនអគតិមួយចំនួន ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ដូចនេះត្រូវតែទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅក្នុងការបោះឆ្នោតសាកល នាពេលខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិក សិក្សាទូទាំងស្រុក។ ទន្ទឹមនឹងនេះ នៅក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក លោករដ្ឋមន្ត្រី ក៏បានយកចិត្តទុកដាក់ជួយបន្ថែមទៀត ដល់លោកគ្រូ-អ្នកគ្រូ ផងដែរ។
លោកបន្ដថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ តាមរយៈការខិតខំដំឡើងនូវបៀវត្សរ៍ ជូនលោកគ្រូ-អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ឃើញថាមកដល់ពេលនេះ កម្រិតជីវភាពរបស់លោកគ្រូ-អ្នកគ្រូ គឺបានល្អប្រសើរជាងមុន ហើយរាជរដ្ឋាភិបាល នឹងនៅតែបន្តបង្កើនការយកចិត្តទុកដាក់ ទៅលើបញ្ហានេះបន្ថែមទៀត។
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ខេត្តកណ្តាល រូបនេះ បានបន្ថែមទៀតថា ជាក់ស្តែងថ្ងៃនេះ លោកគ្រូ-អ្នកគ្រូ ដែលបានអញ្ជើញចូលរួមទាំងអស់ សុទ្ធតែជាសមាជិក សមាជិកា នៃសមាគមទ្រទ្រង់បុគ្គលិកសិក្សា បុគ្គលិកអប់រំ នៅក្នុងស្រុកពញាឮ ដែលលោកបានបង្កើតឡើង។
លោក លឹម គានហោ បានបញ្ជាក់ថា ការបង្កើតកម្មវិធីនេះ ក្នុងគោលបំណង ដើម្បីជួយសម្រាលបន្ទុករបស់លោកគ្រូ-អ្នកគ្រូ នៅពេលមានធុរៈ ទោះបីស្រាលក្តី មធ្យមក្តី ឬក៏ធ្ងន់ក្តី សមាគមនេះ នឹងជួយទ្រទង់ឧបត្ថម្ភជាថវិកា ទៅដល់បុគ្គលិកទាំងអស់ នៅក្នុងសមាគម។
លោកបានសង្កត់ធ្ងន់ថា អ្វីៗដែលធ្វើឲ្យមានការរីកចម្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ចរបស់ប្រទេស ដែលអាចអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បានដំឡើងបៀវត្សរ៍ជូនលោកគ្រូ-អ្នកគ្រូ ជាបន្តបន្ទាប់ ដោយសារតែប្រទេសមានសន្តិភាព។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា «កត្តាសន្តិភាពនេះហើយ ដែលអាចជំរុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចនេះ សន្តិភាព គឺជាកត្តាសំខាន់ដែល យើងត្រូវតែការពារឲ្យបាន»។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភជូនលោកគ្រូ-អ្នកគ្រូ ទាំង ១,០១០ នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល និងបានឧបត្ថម្ភថវិកា២០លានរៀលបន្ថែមទៀត សម្រាប់ហិបមូលនិធិរបស់សមាគម ទ្រទ្រង់បុគ្គលិកសិក្សាទូទាំងស្រុកពញាឮ៕