(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានបង្កើតក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបាតុភាពអសកម្មនានា និងការថ្នាំងថ្នាក់នៅមូលដ្ឋានក្នុងខេត្តតាកែវ ដោយក្រុមការងារប្រចាំបញ្ជានេះ មានទីស្នាក់ការនៅសាលាខេត្ត និងស្ថិតក្រោមការដឹកនាំរបស់ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ជាប្រធាន។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការបង្កើតក្រុមការងារប្រចាំបញ្ជា នៅរសៀលថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងថា ក្រុមប្រចាំបញ្ជាត្រូវធ្វើការវិភាគ វាយតម្លៃសភាពការសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស៊ើបអង្កេតរាល់សកម្មភាពនានា ដែលបង្កឲ្យមានភាពចលាចល អំពើហឹង្សា និងអសន្តិសុខសង្គម ហើយត្រូវដោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា ជាពិសេសក្រុមការងារនេះ ត្រូវការពារឲ្យបានជាដាច់ខាត នៅដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានប្រាប់ឲ្យក្រុមប្រចាំបញ្ជាទាំងអស់ ត្រូវធ្វើការតាមដានឲ្យបានជាប់ជាប្រចាំ ចំពោះការប៉ុនប៉ងពីសំណាក់ជនអគតិណា ដែលនាំទៅដល់អស្ថិរភាពនៅក្នុងសង្គម និងបំផ្លាញការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ ត្រូវតែទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ម្យ៉ាងទៀតក្រុមប្រចាំបញ្ជាក៏ត្រូវតាមដាន និងអង្កេតចំពោះក្រុមអ្នកនយោបាយមួយចំនួន និងអតីតគណបក្សនយោបាយមួយ ដែលតុលាការបានចេញសាលក្រមប្រកាសរំលាយ និងហាមឃាត់មិនឲ្យធ្វើនយោបាយ ក៏ប៉ុន្តែកន្លងមកពួកគេបានលួចធ្វើសកម្មភាព និងចេញសេចក្ដីថ្លែងការផ្សេងៗ ដែលសេចក្ដីថ្លែងការណ៍នេះ ជាទង្វើខុសច្បាប់ត្រូវតែចាត់វិធានការណ៍ទប់ស្កាត់ឲ្យបាន៕