(ភ្នំពេញ)៖ នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ២១ឆ្នាំកម្ពុជា នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិ U21 ទីម័រខាងកើត ដើម្បីដណ្ដើមជើងឯកពានរង្វាន់ ព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah Trophy 2018 នៅលើទឹកដីប្រ៊ុយណេ។
នេះគឺជាលើកទី១ហើយ ដែលក្រុមគោព្រៃជំទង់កម្ពុជា បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយក៏ជាឆ្នាំដំបូង ដែលក្រុមយុវជនទីម័រខាងកើត បានឆ្លងផុតវគ្គជម្រុះ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈានមកដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នាផងដែរ។ វាកិត្តិយសមួយសម្រាប់កម្ពុជាក្នុងវិស័យកីឡាបាល់ទាត់បន្ទាប់ពីការប្រឹងប្រែងធ្វើកំណែទម្រង់ និងមានការគាំទ្រយ៉ាងផុលផុសពីមហាជនទូទៅ។
មានសាធារណជនជាច្រើនចង់ឃើញអាជ្ញាធរក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ រៀបចំបញ្ចាំងស្លាយនៅតាមសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានទស្សនាការប្រកួតនេះ ជាពិសេសដើម្បីជាការអបអរសាទរចំពោះការឈានមកដល់វគ្គផ្តាច់ព្រ័ត្ររបស់កីឡាករកម្ពុជា ក៏ដូចជាការលើកកម្លាំងចិត្តកីឡាករ៕