(ភ្នំពេញ)៖ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម «មហាហង្ស» បានថ្លែងក្នុងភាពជឿជាក់ និងក្ដីរំពឹងខ្ពស់ថា នឹងទទួលបានជោគជ័យ ទៅលើភាពយន្តថ្មីរបស់ខ្លួន គឺរឿង «កាំបិតមុខ២» ខណៈដែលភាពយន្តភាគនេះ បានប្រមូលផ្ដុំទៅដោយតារាល្បីៗ មានបទពិសោធ មានប្រជាប្រិយភាព ជាពិសេស គឺតួឯកប្រុសស្រី មានលោក អូន ឧស្សាហ៍ និងអ្នកនាង កែវ ស្រីនាង ជាដើម ដែលជាចលកមួយ ជម្រុញឲ្យខ្សែភាពយន្តនេះ មានការគាំទ្រខ្លាំង ពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍។
ការថ្លែងបែបនេះ របស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម «មហាហង្ស» ត្រូវបានធ្វើឡើង ក្នុងពិធីក្រុង ពាលីដើម្បីចេញថតជាផ្លូវ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោយការសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ មិនក្រោមជាង១ឆ្នាំនោះទេ នូវភាពយន្តភាគរឿង «កាំបិតមុខ២» ដើម្បីផលិតឲ្យស្ថានីយទូរទស្សន៍ PNN សម្រាប់ឆ្នាំថ្មី។
ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានថ្លែងបន្តទៀតថា នេះជាភាពយន្ត ដែលលោកបានគិតគូ និងប្រឹងប្រែងតាក់តែងនិពន្ធយ៉ាងខ្លាំង មុនពេលសម្រេចចិត្តជ្រើសរើសតួសម្ដែង និងធ្វើពិធីក្រុងពាលីចេញថត។ រឿងនេះ ក្រៅពីប្រមូលផ្ដុំ ដោយតារាចាស់ថ្មីល្បីឈ្មោះ ក៏មានសាច់រឿងពោរពេញដោយការអប់រំ ពាក់ព័ន្ធនឹងស្ថានភាពរបស់ស្ត្រីមេផ្ទះ។ រឿងនេះចង់និយាយពីនារីម្នាក់ ដែលធ្លាប់តែស្លូតបូត ប៉ុន្តែបានប្រែក្លាយជានារីពិសពុល ដោយសារតែស្វាមីសម្បូរល្បិច។
លោកបន្តថា «រឿងទាំងមូលក៏គ្រោងចំណាយដើមទុន ច្រើនក្រាស់ជាងរឿងមុនៗផងដែរ ទាំងការចំណាយលើតួល្បីៗ និងលើការសម្រិតសម្រាំងគុណភាព។ ភាពយន្តនេះ នៅមិនទាន់ច្បាស់ថា នឹងត្រូវដាក់បញ្ចាំងនៅ PNN ពេលណានោះទេ លុះត្រាតែការចេញថត សម្រេចបាន៥០ភាគរយ ទើបដឹងពីការកំណត់ដាក់ផ្សាយ»។
សូមបញ្ជាក់ថា រឿង «កាំបិតមុខ២» មានការបង្ហាញវត្តមានសម្ដែងដោយតារាល្បីៗ ដូចជា អ្នកនាង កែវ ស្រីនាង, លោក អូន ឧស្សាហ៍, លោក ហម ឈរ៉ា, អ្នកនាង សឿន ផានផាផួង, អ្នកនាង ភិន សុដាលីស, អ្នកនាង ចាន់ តារាទី, លោក អ៊ុន សិទ្ធា, អ្នកស្រី សរ កេសារ៉ា, កញ្ញា វ៉ាន់ លីលី និងតារាសម្ដែងចាស់ថ្មីល្បីឈ្មោះ ជាច្រើនដួងទៀត៕