(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥​ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងអំណរគុណ ទៅដល់បងប្អូនជនរួមជាតិ ដែលមានជំនឿលើការដឹកនាំ របស់សម្ដេច ហើយនៅតែបន្ដគាំទ្រ និងបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា​ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ ក៏ដោយ​ សម្តេចនៅជាមួយបងប្អូនជានិច្ច​។

ទំព័រ​ Facebook ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥​ ខែឧសភានេះ​ បានសរសេរយ៉ាងដូច្នេះថា «តាមរយៈរូបថត១សន្លឹកនេះ គឺបានបញ្ជាក់ច្បាស់ថា កម្ពុជាពីមុនយ៉ាងណា…ហើយកម្ពុជាសព្វថ្ងៃរីកចម្រើនយ៉ាងណា។ ទោះបីកម្ពុជាស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ ក៏ខ្ញុំនៅជាមួយបងប្អូនជានិច្ច! »

ប្រមុខដឹកនាំកម្ពុជា បានបន្ដទៀតថា «អរគុណភរិយាជាទីស្រឡាញ់ និងអរគុណបងប្អូនជនរួមជាតិ ដែលមានជំនឿលើការដឹកនាំរបស់ខ្ញុំ ហើយនៅតែបន្តគាំទ្រ និងបោះឆ្នោតឲ្យ «គណបក្សប្រជាជនកម្ពុជា»។ ជូនពរបងប្អូន បានសប្បាយរីករាយថ្ងៃសៅរ៍ និងធ្វើដំណើរកំសាន្តជិតឆ្ងាយ មានសុខសុវត្ថិភាពគ្រប់ៗគ្នា!»។

សូមជម្រាបថា គ.ជ.ប បានចាប់ផ្តើមការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន និង​ គណបក្សអំណាចខ្មែរប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សទាំងនេះ មិនចូលរួមក្តី ក៏មានមានគណបក្សនយោបាយ ជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះ នឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុន។

តាមការរំពឹងទុក នឹងមានគណបក្សច្រើនជាង១០ ចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ៕