(ព្រះវិហារ)៖ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ត្រូវបាននាំយកទៅចែកជូនគ្រួសារសមាជិកបក្សចំនួន ៧គ្រសារ ដែលមានជីវភាពក្រីក្រលំបាក តាមរយៈលោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងនោះលោក ច័ន្ទ សុភ័ក្ត្រា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា ប្រាប់ដល់ប្រជាពលរដ្ឋខាងលើផងដែរ ដែលជានិច្ចកាលលោកតែងគិតគូរយកចិត្តទុកដាក់ ចំពោះការរស់នៅរបស់សមាជិកបក្សគ្រប់ៗគ្នា។
លោក ច័ន្ទ សុភ័ក្ត្រា បានបន្តថា គណបក្សប្រជាជនកម្ពុជា តែងនៅជិតនៅក្បែរសមាជិកបក្សគ្រប់ៗគ្នា ដោយមិនទុកសមាជិកណាម្នាក់រស់នៅដោយភាពឯកានោះទេ ទីណាមានការលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំ មានក្រុមការងារចាំជួយជានិច្ច។
លោក ច័ន្ទ សុភ័ក្រ្តា បានទទូចឲ្យប្រជាពលរដ្ឋមានភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពីព្រោះរយៈពេលជាង៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដូច្នេះសូមប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ដោយទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិខាងមុខនេះ និងអាណត្តិក្រោយៗទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូននៅពេលនោះ ក្នុងមួយគ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១ឡូ ទឹកស៊ីអ៊ីវ១ឡូ និងទឹកបរិសុទ្ធ៥យួរ។ លើសពីនេះ ក៏បានឧបត្ថម្ភជូនស្នាក់ការបក្សឃុំសង្កែ២នូវថវិកាចំនួន ២០ម៉ឺនរៀល ស្នាក់ការឃុំឆែបចំនួន ២០ម៉ឺនរៀល និងជួសជុលស្នាក់ការឃុំឆែប២ចំនួន ២០ម៉ឺនរៀល ផងដែរ៕